(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងទៅកាន់ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល ថា លោករំពឹងចង់ឃើញប្រទេសចិន និងសហភាពអឺរ៉ុប អាចពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបក៏ដូចជាដោះស្រាយ បញ្ហាប្រឈមទាំងឡាយរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

លោក ស៊ី ជិនពីង បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក ម៉ាក្រុង និងលោកស្រី មើគែល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នៅក្នុងកិច្ចប្រជុំនោះ លោក ស៊ី ជិនពីង ក៏បានបង្ហាញក្ដីរំពឹងផងដែរថា អឺរ៉ុបអាចនឹងដើរតួនាទីកាន់តែច្រើន នៅក្នុងកិច្ចការអន្តរជាតិ, ដើរតាមយុទ្ធសាស្ត្រឯករាជ្យម្ចាស់ការលើខ្លួនឯង និងផ្ដល់តម្លាភាព យុត្តិធម៌ និងបរិយាកាសមិនលម្អៀង សម្រាប់បណ្ដាក្រុមហ៊ុនចិន។

គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ សភាអឺរ៉ុបបានលុបចោលការផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀងវិនិយោគរវាងសហភាពអឺរ៉ុប និងប្រទេសចិន រហូតទាល់ទីក្រុងប៉េកាំង ដកទណ្ឌកម្មចេញពីក្រុមមន្ត្រី និងអ្នកនយោបាយអឺរ៉ុបជាមុនសិន។ ទំនាក់ទំនងរវាងចិន និងអឺរ៉ុបត្រូវបានគេមើលឃើញថា ជួបភាពតានតឹងបន្ថែម នៅក្នុងឆ្នាំ២០២១នេះ ក្រោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានងាកមកចាប់ដៃគូជាមួយអឺរ៉ុបខ្លាំងឡើងវិញ ស្ថិតក្នុងគោលដៅរាំងខ្ទប់ឥទ្ធិពលចិន នៅលើពិភពលោក៕