\(វ៉ាស៊ីនតោន)៖ ប្រទេសអ៉ីស្រាអែលបានរាយការណ៍ ពីការថយចុះប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer-BioNTech ក្នុងការបង្ការមិនឲ្យឆ្លងជំងឺ COVID-19 ប៉ុន្តែវ៉ាក់សាំងនេះនៅតែមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

ការប្រកាសពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំង Pfizer-BioNTech កើតមានឡើងនៅចំពេលវីរុសបម្លែងថ្មី Delta កំពុងឆ្លងរាលដាលកាន់តែខ្លាំង ដោយបានបង្ខំឱ្យអាជ្ញាធរ អ៉ីស្រាអែលដាក់ចេញវិធានការរឹតត្បិត មួយចំនួនឡើងវិញ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រសួងសុខាភិបាលអ៉ីស្រាអែលបានឱ្យដឹងថា «ប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer-BioNTech ក្នុងការបង្ការប្រឆាំងនឹងការឆ្លង និងរោគសញ្ញា COVID-19 បានថយចុះមកនៅត្រឹម ៦៤ភាគរយចាប់តាំងពីថ្ងៃទី០៦ ខែមករា។ ក៏ប៉ុន្តែវ៉ាក់សាំងនៅតែមានប្រសិទ្ធភាព ៩៣ភាគរយ ការពារកុំឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់»

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលអ៉ីស្រាអែល មិនបានពន្យល់លម្អិតជាងនេះទៀត អំពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំង Pfizer-BioNTech នោះឡើយ ប៉ុន្តែកាលពីខែឧសភាកន្លងទៅវ៉ាក់សាំងនេះ ត្រូវបានគេរាយការណ៍ថា មានប្រសិទ្ធភាពប្រឆាំងនឹងការឆ្លង COVID-19 រហូតដល់ទៅជាង ៩៥ភាគរយឯណោះ៕