(ប៉ារីស)៖ អ្នកនាំពាក្យរដ្ឋាភិបាលបារាំងបានឲ្យដឹងនៅថ្ងៃចន្ទ ទី០៥ ខែកក្កដានេះថា ប្រទេសបារាំងនឹងជួបប្រទះរលកឆ្លងកូវីដ១៩ ជាលើកទី៤ នៅដំណាច់ខែកក្កដានេះ ដោយសារការរីករាលដាល នៃវីរុសបម្លែងខ្លួនថ្មី Delta។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Gabriel Attal បានប្រាប់វិទ្យុបារាំងអន្តរជាតិថា «មួយសប្តាហ៍កន្លងទៅនេះ ការឆ្លងរីករាលដាលនៃជំងឺនេះកំពុងឈានដល់ដំណាក់កាលថ្មីហើយ»។ លោកបានបន្តថា នៅដំណាច់ខែនេះរលកឆ្លងទី៤ អាចនឹងកើតមានឡើង ប្រសិនបើសន្ទុះបែបនេះបន្តទៅមុខ។

គួរបញ្ជាក់ថា ប្រទេសជាច្រើនក្នុងនោះរួមទាំងចក្រភពអង់គ្លេស និងរុស្ស៊ីផងដែរ បានឃើញការកើនឡើងដ៏គួរឱ្យកត់សម្គាល់ ដោយសារវីរុសបម្លែងខ្លូនថ្មី Delta ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា៕