(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់១១០២ករណី ដែលវាជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៣នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង១០៨៩នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ៦៤១ករណី។ សម្រាប់តួលេខករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ដែលវៀតណាមធ្លាប់បានប្រកាសកន្លងមកគឺ កាលពីថ្ងៃទី០៣ ខែកក្កដា ដែលមានចំនួន៩២២នាក់។

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាវនេះចំនួន០៤នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២១,០៣៥នាក់ ក្នុងនោះស្លាប់៩០នាក់៕