(ប៉េកាំង)៖ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ១.៣ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។

ប្រទេសចិនបានពន្លឿនល្បឿន នៃការចាក់វ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃជូនប្រជាជននៅទូទាំងប្រទេសកាលពីចុងខែមីនា ដោយបានចំណាយពេល ២៥ថ្ងៃ ដើម្បីបង្កើនការចាក់ពី ១០០លានដូស ដល់២០០លានដូស និង១៦ថ្ងៃក្រោយ កើនពី ២០០លានដូស ដល់ ៣០០លានដូស ក្រោយមកត្រូវការតែ ៦ថ្ងៃប៉ុណ្ណោះដើម្បីកើនពី៨០០លានដូស ដល់៩០០លានដូស។

គួរបញ្ជាក់ថា ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕