(សេអ៊ូល)៖ កូរ៉េខាងត្បូងកំពុងស្ថិតក្នុងកិច្ចចរចាជាមួយបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំង COVID-19 តាមបច្ចេកវិទ្យា mRNA ក្នុងនោះរួមមានទាំងក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុន Moderna ដើម្បីទទួលបានសិទ្ធិផលិតវ៉ាក់សាំងប្រភេទនេះនៅក្នុងប្រទេស និងមានសមត្ថភាពផលិតវ៉ាក់សាំងបាន ១ពាន់លានដូសភា្លមៗ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើលោក Lee Kang-ho ដែលជាអគ្គនាយកគណៈកម្មាធិការទទួលបន្ទុកកិច្ចការវ៉ាក់សាំងនៃ
ក្រសួងសុខាភិបាលកូរ៉េខាងត្បូង។ លោក Lee បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានរៀបចំកិច្ចចរចាជាញឹញប់ជាមួយបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗមួយចំនួន ដើម្បីទទួលបានសិទ្ធិផលិតវ៉ាក់សាំង mRNA។ មានក្រុមហ៊ុនតិចណាស់ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ក្នុងការផលិតវ៉ាក់សាំងដូចជាក្រុមហ៊ុន Pfizer, Moderna, CureVac និងក្រុមហ៊ុន BioNTech...ហើយកូរ៉េខាងត្បូងពិតជាអាចជួយផ្គត់ផ្គង់វ៉ាក់សាំងបំពេញតម្រូវការជាសកលតាមរយៈរោងចក្រ និងធនធានមនុស្សដ៏មានជំនាញ»

គួរបញ្ជាក់ថា កូរ៉េខាងត្បូង ក៏ធ្លាប់បានចុះកិច្ចព្រមព្រៀងដើម្បីផលិតវ៉ាក់សាំងនៅក្នុងស្រុក ជាមួយក្រុមហ៊ុនឱសថ AstraZeneca, Novavax និងជាមួយរុស្ស៊ីផងដែរ កាលពីប៉ុន្មានខែមុនេះ៕