(តៃប៉ិ)៖ គណៈរដ្ឋមន្រ្តីកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ជាមួយនិងករណីឆ្លងជំងឺ COVID-19 ដែលបានថយចុះគួរឱ្យកត់សម្គាល់នេះ វាគួរតែមានការរៀបចំឡើង នូវការបន្ធូរបន្ធយវិធានការរឹតត្បឹតនានា ដែលកោះនេះបានដាក់ចេញ ក្នុងកំឡុងពេលមានការកើនឡើង នូវករណីឆ្លងជាច្រើនករណី កាលពីខែឧសភាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។

កោះតៃវ៉ាន់បានដាក់ចេញនូវវិធានការរឹតត្បឹតមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 រួមមានការផ្អាកការជួបជុំ ឬការប្រមូលផ្ដុំមនុស្សច្រើន ក៏ដូចជាការបិទកន្លែងកម្សាន្តនានា និងការកំណត់ចំនួនមនុស្ស ដែលចូលមកកាន់ភោជនីយដ្ឋានផងដែរ កាលពីខែឧសភាកន្លងទៅនេះ ចំពេលមានការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ជាច្រើនករណី។
ទោះជាយ៉ាងណា ជាមួយនិងករណីឆ្លងដែលបានថយចុះគួរឱ្យកត់សម្គាល់ និងមានស្ថេរភាពនាពេលបច្ចុប្បន្ននេះ គណៈរដ្ឋមន្រ្តីនៅកោះតៃវ៉ាន់់ បានស្នើសុំឱ្យមានការបន្ធូរបន្ថយ វិធានការរឹតត្បឹតទាំងនោះវិញ។

គួរបញ្ជាក់ថា ទីក្រុងតៃប៉ិកន្លងមកនេះ បានចាប់ផ្តើមបើកដំណើរការឡើងវិញ នូវផ្សាររាត្រីដ៏ល្បីល្បាញរបស់ខ្លួន ដោយមានកំណត់ចំនួនមនុស្សចូល។ លោក ឈិន ស៊ីជុង (Chen Shih-chung) រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃចន្ទនេះក៏បានប្រកាសថា មានករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៨ករណីផងដែរ គឺធ្លាក់ចុះពី ៣៧ករណីកាលពីថ្ងៃអាទិត្យ ហើយរហូតមកទល់ពេលនេះ កោះនេះបានកត់ត្រានូវករណីឆ្លងសរុប ១៥,០៣០ករណី ក្នុងនោះមានអ្នកស្លាប់ ៦៨៨នាក់ និងអ្នកជាសះស្បើយ ១២,១៧០នាក់៕