(ប៉េកាំង)៖ “បក្សកុម្មុយនិស្តចិនយើងឆ្លងកាត់ការសាកល្បងគ្រប់បែបយ៉ាង នៅតែរក្សាបាននូវភាពរស់រវើក មូលហេតុសំខាន់មួយ គឺជានិច្ចកាល យើងបានប្រកាន់ខ្ជាប់ការដែលបក្សត្រូវគ្រប់គ្រងបក្ស ហើយត្រូវគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ ក្នុងន័យឆ្លើយតបនឹងហានិភ័យ និងការសាកល្បងឱ្យបានល្អ ក្នុងដំណាក់កាលប្រវត្តិសាស្ត្រផ្សេងៗគ្នា” លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការវិភាគដោយស៊ីជម្រៅដូចពោលខាងលើនេះ ក្នុងមហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន។

រំលឹកឡើងវិញពីដំណើរតស៊ូព្យាយាមរបស់បក្សកុម្មុយនិស្តចិន ក្នុងរយៈពេល ១រយឆ្នាំកន្លងមក ការហ៊ានធ្វើកំណែទម្រង់ចំពោះខ្លួនឯង គឺជាសញ្ញាកត់សម្គាល់របស់បក្សកុម្មុយនិស្តចិន ដែលខុសគ្នានឹងគណបក្សនយោបាយផ្សេងទៀត។ កាលពីឆ្នាំ១៩២៦ បក្សកុម្មុយនិស្តចិនក៏បានចេញផ្សាយឯកសារដំបូងបង្អស់ ស្តីពីការប្រឆាំងអំពើពុករលួយដែរ។ ចាប់ពីការដឹកនាំបដិវត្តន៍របស់ប្រទេសចិន ដល់ការបង្កើតប្រទេសចិនថ្មី រហូតដល់ការអនុវត្តគោលនយោបាយធ្វើការកែទម្រង់ និងបើកទូលាយ បក្សកុម្មុយនិស្តចិនបានជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ដោយគ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់។ ជាពិសេស ចាប់ពីសមាជលើកទី ១៨ មក បក្សកុម្មុយនិស្តចិនបានប្រឆាំងអំពើពុករលួយ ប្រកបដោយឥរិយាបថមិនអត់ឱនជាដាច់ខាត ហើយបានលើកកម្ពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់ខ្លួន ដែលធ្វើឱ្យសហគមន៍អន្តជាតិ មានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។

អំពើពុករលួយជាការប្រឈមរួមរបស់គណបក្សនយោបាយ នៃបណ្តាប្រទេសនានានៅលើពិភពលោក ប៉ុន្តែគ្មានគណបក្សណាមួយ បានធ្វើដូចបក្សកុម្មុយនិស្តចិនអ៊ីចឹង ដែលបានសម្គាល់ឃើញថា បញ្ហាប្រឆាំងអំពើពុករលួយបានពាក់ព័ន្ធដល់ “ការស្លាប់ និងរស់របស់ខ្លួន” ហើយបានចាត់ប្រតិបតិ្តការយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់។ ប៉ុន្មានឆ្នាំកន្លងទៅនេះ បក្សកុម្មុយនិស្តចិនមិនត្រឹមតែផ្តោតសំខាន់ ទៅលើការបង្រ្កាបពួកប្រព្រឹតិ្តអំពើពុករលួយ គ្រប់បែបយ៉ាងប៉ុណ្ណោះទេ ថែមទាំងក៏បានកាន់តែផ្តោតសំខាន់ទៅលើ ការបង្កើតយន្តការប្រឆាំង អំពើពុករលួយពីឬសគល់ផងដែរ ដើម្បីបង្កើតបរិយាកាសក្នុងបក្ស ដែលមិនហ៊ានប្រព្រឹតិ្តអំពើពុករលួយ មិនអាចប្រព្រឹតិ្តអំពើពុករលួយ និងមិនចង់ប្រព្រឹតិ្តអំពើពុករលួយ។

បើសិនជាចង់ធ្វើការងាររបស់ប្រទេសចិនឱ្យបានល្អ នោះបញ្ហាគន្លឹះគឺនៅត្រង់បក្សកុម្មុយនិស្តចិន នេះគឺជាហេតុផលដែលត្រូវបានបញ្ជាក់ពីប្រវតិ្តសាស្ត្ររួចហើយ ហើយក៏ពិតជានឹងទទួលបានការបញ្ជាក់ជាបន្តបន្ទាប់ ក្នុងការអនុវត្ត និងការអភិវឌ្ឍជាក់ស្តែងរបស់ប្រទេសចិន នៅពេលអនាគតជាមិនខាន។ និយាយចំពោះគណបក្សកាន់អំណាចធំជាងគេ នៅលើពិភពលោក ត្រូវគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ដោយគ្រប់ជ្រុងជ្រោយជាប់រហូត។ គណបក្សនេះមានក្តីអង់អាចក្លាហាន និងសមត្ថភាពបំបាត់ចោលរាល់វីរុសទាំងអស់ ដែលនឹងបំផ្លាញដល់សុខភាពរបស់ខ្លួន ក្នុងន័យរក្សាបាននូវកម្លាំងរស់រវើកដ៏ក្លៀវក្លា និងកម្លាំងប្រយុទ្ធដ៏ខ្លាំងក្លាជារៀងរហូត ក៏ដូចជាបានបង្កើតជីវភាពរស់នៅដ៏ល្អបវរ ជូនចំពោះប្រជាជនចិន និងខិតខំព្យាយាមឆ្ពោះទៅកាន់គោលដៅ ស្តីពីការស្តារភាពរុងរឿងថ្កុំថ្កើងរបស់ប្រជាជាតិចិនឡើងវិញផងដែរ៕ #CCFRComment#