(ផ្ល័ររីដា)៖ នៅយប់ថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក) អគារខុនដូដែលបានបាក់រលំកន្លងមកនេះ និងនៅសល់មួយផ្នែកធំនោះ ត្រូវបានក្រុមជំនាញបង្កៃគ្រាប់បែក និងបំផ្ទុះចោលជាស្ថាពរហើយ ដែលចំណាត់ការបែបនេះត្រូវបានគេជឿជាក់ថា ជាការត្រួសត្រាយផ្លូវឲ្យក្រុមអ្នកជួយសង្គ្រោះ ងាយចូលទៅស្វែងរកមនុស្ស កំពុងបាត់ខ្លួនរាប់រយនាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។

ខ្សែវីដេអូបានបង្ហាញថា អគារខុនដូកម្ពស់ ១២ជាន់ ដែលនៅសេសសល់មួយផ្នែកធំ ត្រូវបានបំផ្ទុះចោលស្ថិតនៅជាប់តំបន់ឆ្នេរសមុទ្រ នៃទីក្រុងម៉ៃអាមី (Miami) រដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក។ ការបំផ្ទុះកម្ទេចចោលនេះ ត្រូវបានធ្វើឡើងនៅរយៈពេល ១០ថ្ងៃ បន្ទាប់ពីផ្នែកមួយរបស់អគារ ដែលមានសរុបជាង ៥០បន្ទប់ បានបាក់រលំចុះមក បណ្តាលឲ្យមនុស្ស ២៤នាក់់ស្លាប់ និង ១២១នាក់ទៀតបាត់ខ្លួន គិតត្រឹមយប់ថ្ងៃទី០៤ ខែកក្កដា នោះតែម្តង។

គួរបញ្ជាក់ថា ការបំផ្ទុះអគារទាំងមូលចោលបែបនេះ ត្រូវបានក្រុមជំនាញអះអាងថា នឹងអាចជួយឲ្យក្រុមសង្គ្រោះ ចូលទៅកាន់តំបន់ដែលមនុស្សបាត់ខ្លួន បានងាយស្រួលជាងមុន ព្រោះពួកគេនៅតែសង្ឃឹមថា នឹងមានមនុស្សនៅរស់ក្នុងចំណោមមនុស្សជាង ១២០នាក់ ដែលកំពុងបាត់ខ្លួន។ យ៉ាងណាក៏ដោយ គិតចាប់តាំងពីអគារនេះបាក់រលំផ្នែកមួយចំហៀង កាលពីថ្ងៃទី២៤ ខែមិថុនា ពុំមាននរណាម្នាក់ត្រូវបានទាញយកចេញ ដោយមានជីវិតនោះឡើយ។

ចំពោះមូលហេតុនៃការបាក់រលំអគារ ដែលត្រូវបានសាងសង់តាំងតែពីទសវត្សរ៍ ១៩៨០ ខាងលើនេះ គឺត្រូវបានក្រុមជំនាញសន្និដ្ឋានជាដំបូងថា បណ្តាលមកពីការប្រេះស្រាំដោយគ្មានការជួសជុល ឬប្រកាសអាសន្នជាមុន។ របាយការណ៍កន្លងមកនេះបានបង្ហាញថា កាលពីអំឡុងឆ្នាំ២០១៨ មានក្រុមជំនាញមួយក្រុម បានមកធ្វើការត្រួតពិនិត្យអគារមួយនេះ និងស្នើឲ្យម្ចាស់ជួសជុលវាឡើងវិញ ប៉ុន្តែការជួសជុលពុំត្រូវបានធ្វើឡើងនោះឡើយ៕