(រ៉ង់ហ្គូន)៖ មនុស្សយ៉ាងតិច ២៥នាក់ត្រូវបានសម្លាប់ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា កាលពីចុងសប្ដាហ៍មុន នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយក្រុមប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលរបស់យោធាមីយ៉ាន់ម៉ា នៅទីក្រុងមួយដែលស្ថិតនៅភាគកណ្តាល នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។

អ្នកនាំពាក្យយោធា មិនបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទ ដើម្បីស្នើសុំការអត្ថាធិប្បាយអំពីអំពើហិង្សានៅទីក្រុង ដេផាយីន (Depayin) ក្នុងតំបន់ សាហ្គេង (Sagaing) ដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីណៃពិដោ (Naypyidaw) នោះទេ។

ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា គ្លោបល ញូ ឡែត៍ (Global News Light of Myanmar) បានគូសបញ្ជាក់ថា ក្រុមប្រដាប់អាវុធបានស្ទាក់វាយប្រហារកងកម្លាំងសន្តិសុខ ដែលបានដើរល្បាតនៅទីនោះ ដោយបានសម្លាប់សមាជិករបស់ពួកគេម្នាក់ និងបានធ្វើឲ្យសមាជិករបស់ពួកគេ ០៦នាក់ទៀតរងរបួស។ ក្រុមប្រដាប់អាវុធបានដកថយវិញ បន្ទាប់ពីការវាយបកដោយកងកម្លាំងសន្តិសុខ។ សាកសពមនុស្សសរុប ២៥នាក់ត្រូវបានរកឃើញ បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមគ្នាដ៏សាហាវឃោឃៅនេះ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ដែលបានបង្កឱ្យមានការតវ៉ា និងអំពើហិង្សាជាបន្តបន្ទាប់ ទាំងរវាងក្រុមអ្នកគាំទ្ររដ្ឋាភិបាលលោកស្រី ស៊ូ ជី និងក្រុមប្រដាប់អាវុធជនជាតិភាគតិច៕