(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤,១៦៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៥៩២,៣៧៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២១,២៩៣នាក់ និងជាសះស្បើយឡើងសរុប ២៩.១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

នៅក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី ២៤៥ នៃសហរដ្ឋអាមេរិក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ លោក ចូ បៃដិន បានអនុញ្ញាតឲ្យមានការជួបជុំជាសាធារណៈ នៅតាមតំបន់មួយចំនួនឡើងវិញ ក្រោយពីបានផ្អាកអស់ជាងមួយឆ្នាំមកនេះ។ ទោះជាយ៉ាងណា ប្រធានាធិបតីរូបនេះ នៅតែក្រើនរំលឹកអំពីបញ្ហា COVID-19 ដែលនៅតែបន្តគំរាមកំហែង សហរដ្ឋអាមេរិកនៅឡើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣០លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨២.១១លាននាក់ (៥៥.៥%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៥៧លាននាក់ (៤៧.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕