(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១(ពេលវេលានៅវ៉ាស៊ីនតោន) បានប្រារព្ធខួបលើកទី ២៤៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួន ជាមួយការអនុញ្ញាតឱ្យមានការរៀបចំ ពិធីជួបជុំមួយចំនួននៅតាមទីសាធារណៈ ក្រោយត្រូវបានរឹតត្បិតអស់រយៈពេលជាងមួយឆ្នាំមកនេះ ដោយសារតែការឆ្លងរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន US TODAY។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកស្រីជំទាវទី១ ជីល បៃដិន (Jill Biden) បានអញ្ជើញមន្ត្រីយោធា និងបុគ្គលិកបម្រើការផ្នែកសង្រ្គោះបន្ទាន់ជាង ១,០០០នាក់ មកកាន់សេតវិមាន ដើម្បីចូលរួមក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងទស្សនាការបាញ់កាំជ្រួច។ ពិធីបុណ្យឯករាជ្យជាតិថ្ងៃទី០៤ ខែកក្កដា ត្រូវបានប្រារព្ធឡើង នៅទូទាំងសហរដ្ឋអាមេរិក ហើយក្នុងនោះនៅឯទីក្រុងញូយ៉ក កាំជ្រួចប្រមាណជា ៦៥,០០០ដើមត្រូវបានបាញ់ទៅលើអាកាស ដើម្បីអបអរសាទរពិធីបុណ្យជាតិអាមេរិកមួយនេះ។

ក៏ប៉ុន្តែ ទោះបីជាមានការអនុញ្ញាតឱ្យមានការជួបជុំខ្លះក៏ដោយ ក៏លោកប្រធានាធិបតី ចូ បៃដិន នៅតែក្រើនរំលឹកដដែលថា COVID-19 នៅតែកំពុងគំរាមកំហែងមកលើសហរដ្ឋអាមេរិក។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាបានយកឈ្នះលើ COVID-19។ ប៉ុន្តែជំងឺឆ្លងមួយនេះ មិនទាន់រលាយបាត់ទៅណាឡើយ ហើយយើងគ្រប់គ្នាក៏បានដឹងដែរថា វីរុសបម្លែងថ្មីដូចជា Delta ជាដើមនៅតែបន្តឆ្លងរាតត្បាតដដែល»

សហរដ្ឋអាមេរិកមិនទាន់អាចសម្រេចតាមគោលដៅរបស់លោក ចូ បៃដិន ក្នុងការចាក់វ៉ាក់សាំងយ៉ាងហោចដូសទី ១ ឱ្យបាន ៧០ភាគរយ នៃប្រជាជនអាមេរិកពេញវ័យទាំងអស់នោះទេ ហើយកត្តាធំចម្បងនោះ គឺមិនមែនបណ្តាលមកពីការខ្វះខាតវ៉ាក់សាំងនោះឡើយ ប៉ុន្តែដោយសារតែនៅតាមរដ្ឋមួយចំនួន ប្រជាជនភាគច្រើននៅមិនព្រមទៅទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា ថ្ងៃទី០៤ ខែកក្កដារៀងរាល់ឆ្នាំ ត្រូវបានកំណត់យកជា «ថ្ងៃបុណ្យឯករាជ្យជាតិនៃសហរដ្ឋអាមេរិក» ដើម្បីរំលឹកដល់ការទទួលបានឯករាជ្យ ពីអង់គ្លេសកាលពីថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ១៧៧៦៕