(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីននៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ច្បាស់លាស់ហើយថា មនុស្សដែលបានជិះនៅលើយន្តហោះយោធា ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យនោះ គឺមានសរុប ៩៦នាក់ ហើយចំនួនករណីស្លាប់ក្នុងចំណោមពួកគេ ក៏បានកើនដល់ ៤៧នាក់ផងដែរ ខណៈមនុស្ស ៤៩នាក់រងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

ដាច់ដោយឡែកពីយោធារងគ្រោះទាំង ៩៦នាក់នៅលើយន្តហោះនោះ ប្រជាជននៅលើដី ០៣នាក់បានស្លាប់ និង ០៤នាក់ទទួលរងរបួស ដោយសារត្រូវយន្តហោះយោធាធ្លាក់ចំទីតាំង ដែលពួកគេកំពុងស្ថិតនៅ។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វី ឡូរិនហ្សាណា (Delfin Lorenzana) បានអះអាងថា ការស៊ើបអង្កេតរកមូលហេតុធ្លាក់ នឹងត្រូវធ្វើឡើងបន្ទាប់ពីប្រតិបត្តិការសង្គ្រោះ នៅកន្លែងកើតហេតុចប់រួចរាល់។

គួរបញ្ជាក់ថា ភាគច្រើននៃកងទ័ពទាំង ៩៦នាក់ ដែលស្ថិតនៅលើយន្តហោះប្រភេទ C-130 Hercules ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin គឺជាយោធាដែលទើបបញ្ចប់ការសិក្សាថ្មីថ្មោង។ បើយោងតាមឯកសាររបស់ កងទ័ពអាកាសហ្វីលីពីនបានឲ្យដឹងថា យន្តហោះត្រកូល C-130 Hercules ដែលបានធ្លាក់នេះ គឺជាយន្តហោះមួយទឹកដែលខ្លួនទើបបានទិញ ពីយោធាសហរដ្ឋអាមេរិក។

យន្តហោះយោធានេះត្រូវបានគេដឹងថា គ្រោងទៅចុះចតនៅព្រលានយន្តហោះ ទីក្រុងចូឡូ (Jolo) ស្ថិតក្នុងខេត្តដីកោះ ស៊ូលូ (Sulu) ភាគខាងត្បូងហ្វីលីពីន ប៉ុន្តែក៏បានហោះជ្រុលហួសព្រលាន ដោយសារតែមានបញ្ហាបច្ចេកទេស ហើយនៅពេលមិនអាចគ្រប់គ្រងម្ចាស់ការបានទៀត វាក៏បានធ្លាក់នៅតំបន់ ផាទីកាល់ (Patikal) ដែលស្ថិតនៅក្បែរនោះតែម្តង៕