(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) កំពុងស្ថិតនៅក្នុងស្ថានភាពនឹងនរ និងរំពឹងថាអាចនឹងត្រូវបាន អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះ ក្រោយទទួលបានការព្យាបាលជំងឺមេរោគនៅក្នុងប្រព័ន្ធរំលាយអាហារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។

បើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអាទិត្យនេះដោយការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin ដែលបានចូលសម្រាកព្យាបាលក្នុង មន្ទីរពេទ្យតាំងពីថ្ងៃពុធដើមសប្ដាហ៍នេះមក ក្រោយមានអការៈរាគ នឹងនៅបន្តទទួលការព្យាបាលថែទាំនៅក្នុងមន្ទីរពេទ្យ ហើយលោកអាចនឹងត្រូវបានអនុញ្ញាតឱ្យ ចាកចេញពីមន្ទីរពេទ្យនៅប៉ុន្មានថ្ងៃខាងមុខនេះ។

សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដូច្នេះថា៖ «ស្ថានភាពសុខភាពរបស់លោក (លោក Muhyiddin) មានភាព នឹងនរ និងកាន់តែល្អប្រសើរឡើង ហើយលោកអាចត្រឡប់ទៅបំពេញការងារផង និងទទួលការព្យាបាលផង»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ លោក Muhyiddin ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកលំពែង។ ប៉ុន្តែក្រោយមក លោកត្រូវបានគេ ប្រកាសថាបានជាសះស្បើយទាំងស្រុងពីជំងឺមហារីកនេះកាលពីខែមិថុនា ឆ្នាំ២០២០៕