(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧,៩៧៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៥៨៨,១៧៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២១,២៥៥នាក់ និងជាសះស្បើយឡើងសរុបជាង ២៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងតែប្រឈមមុខ ទៅនឹងការឆ្លងរាតត្បាតវីរុស COVID-19 បម្លែងថ្មី Delta ដែលកំពុងបង្កការព្រួយបារម្ភខ្លាំងនៅតាមរដ្ឋខ្លះ ដែលមានចំនួនប្រជាជនទទួលបានការចាក់វ៉ាក់សាំង នៅក្នុងកម្រិតទាបនៅឡើយ។ ហេតុដូច្នេះអាជ្ញាធរអាមេរិក បាននិងកំពុងជំរុញឲ្យប្រជាជននៅតាមបណ្តារដ្ឋទាំងនោះ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣២៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨០.៦៧លាននាក់ (៥៥%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជាង ១៥៤.៨៨លាននាក់ (៤៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕