(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះសហរដ្ឋអាមេរិកបានទម្លាក់ កញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ទៅលើប្រទេសមីយ៉ាន់ម៉ា ជុំវិញការបង្រ្កាបដោយហិង្សា ទៅលើក្រុមបាតុករទាមទារលទ្ធិប្រជាធិបតេយ្យ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មីខាងលើនេះ ដោយមានគោលដៅលើបុគ្គល ០៧នាក់ នៅក្នុងរបបយោធាមីយ៉ាន់ម៉ា រួមជាមួយកូនៗ និងស្វាមី-ភរិយាសរុបចំនួន ១៥នាក់ របស់ក្រុមមន្រ្តីមីយ៉ាន់ម៉ា ដែលបានរងកញ្ចប់ទណ្ឌកម្មលើកមុនៗ រួចទៅហើយ។ ចំណាត់ការថ្មីទៀតនេះ ស្ថិតក្រោមការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការធ្វើរដ្ឋប្រហារយោធា កាលពីកុម្ភៈកន្លងទៅ ព្រមទាំងអំពើហិង្សាជាច្រើនខែមកនេះ ប្រឆាំងនឹងក្រុមបាតុករ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

មន្រ្តីមីយ៉ាន់ម៉ាដែលជាប់កញ្ចប់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក រួមមានដូចជា រដ្ឋមន្រ្តីព័ត៌មាន, រដ្ឋមន្រ្តីវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេស, រដ្ឋមន្រ្តីការងារ, រដ្ឋមន្រ្តីសុខុមាលភាពសង្គម និងសមាជិក ០៣នាក់ នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលយោធាមីយ៉ាន់ម៉ាបង្កើតឡើងក្រោយរដ្ឋប្រហារ ហើយមានអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា គឺលោក មីន អោង ហ្លេង ជាប្រធាន។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ ក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានប្រកាសលុបចោលជាផ្លូវការនូវ ទណ្ឌកម្មត្រូវបានដាក់ទៅលើចៅក្រម និងបុគ្គលិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីជំនាន់រដ្ឋបាលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ផងដែរ៕