(តេហេរ៉ង់)៖ ប្រធានាធិបតីជាប់ឆ្នោតអ៉ីរ៉ង់លោក Ebrahim Raisi បាននិយាយថា នៅក្រោមរដ្ឋបាលរបស់លោក ទីក្រុងតេហេរ៉ង់នឹងធ្វើទំនាក់ទំនងការទូតជាមួយប្រទេសនានា ដោយមិនផ្តោតតែទៅលើ ការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឡើយ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសន្និសីទសារព័ត៌មានលើកដំបូងមួយរបស់លោក ក្រោយពីទទួលជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអ៉ីរ៉ង់ថ្មី កាលពីចុងសប្តាហ៍កន្លងទៅ លោក Raisi បាននិយាយដូច្នេះថា «នយោបាយការបរទេសរបស់យើង នឹងមិនផ្តោតទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរតែមួយមុខឡើយ។ យើងនឹងធ្វើទំនាក់ទំនងជាមួយពិភពលោក ហើយយើងនឹងមិនចងភ្ជាប់ផលប្រយោជន៍ប្រជាជនអ៉ីរ៉ង់ ទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ»

ជាមួយគ្នានេះ លោក Raisi ក៏បានរិះគន់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៨ ផងដែរ។ ទាក់ទងបញ្ហានេះ លោក Raisi បានសង្កត់ធ្ងន់ថា «យើងមិនមានបំណងចរចានោះទេ ប្រសិនបើពួកគេ គ្មានបំណងធានាផលប្រយោជន៍ប្រទេសជាតិយើង»

គួរបញ្ជាក់ថា ការជាប់ឆ្នោតរបស់លោក Raisi បានបង្កឲ្យមានក្តីបារម្ភអំពីការត្រៀមលក្ខណៈរបស់អ៉ីរ៉ង់ ក្នុងការធ្វើទំនាក់ទំនងការទូតជាមួយបរទេស ដោយសម្អាងថាលោក Raisi គឺជាបុគ្គលម្នាក់ដែលមាននិន្នាការប្រឆាំងនឹងលោកខាងលិចខ្លាំង។ លោក Raisi នឹងឡើងកាន់តំណែងជាផ្លូវការ បន្តពីប្រធានាធិបតីផុតអាណត្តិលោក Hassan Rouhani នៅខែសីហាខាងមុខ៕