(តេហេរ៉ង់)៖ អង្គការថាមពលអាតូមិចអ៉ីរ៉ង់ (AEOI) កាលពីថ្ងៃអាទិត្យបានប្រកាសថា រោងចក្រថាមពលនុយក្លេអ៊ែរ ប៊ូហ្សេហ៍ (Bushehr) នៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ ត្រូវបានបិទដំណើរការ ដោយសារតែបញ្ហាបច្ចេកទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

អង្គការ AEOI បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រថាមពលនុយក្លេអ៊ែរខាងលើ ត្រូវបានបិទដំណើរការជាបណ្តោះអាសន្ន ហើយផ្តាច់ចេញពីបណ្តាញអគ្គិសនីជាតិរបស់ប្រទេសអ៉ីរ៉ង់សិន។ អង្គការ AEOI រំពឹងថា បញ្ហានៅរោងចក្រថាមពល Bushehr នឹងអាចដោះស្រាយបាន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ហើយក្រោយពេលនោះ វានឹងត្រូវតភ្ជាប់ទៅកាន់បណ្តាញអគ្គិសនីជាតិដូចដើមវិញ។

គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr មានទីតាំងនៅចម្ងាយ ១៧គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Bushehr និងស្ថិតក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៉ី ហើយវាបានចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីកាលពីខែកញ្ញា ឆ្នាំ២០១១។ កាលពីឆ្នាំ២០១៤ អ៉ីរ៉ង់និងរុស្ស៉ីបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិមួយ ដើម្បីបន្ថែមរ៉េអាក់ទ័រចំនួន ០២គ្រឿងទៀត នៅរោងចក្រថាមពលនុយក្លេអ៊ែរនោះ ដែលពួកវានឹងត្រូវសម្ពោធដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤ និងឆ្នាំ២០២៦៕