(សេអ៊ូល)៖ បេសកជនពិសេសថ្មីរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក ស៊ុង គីម (Sung Kim) នៅថ្ងៃចន្ទនេះ បាននិយាយថា លោករំពឹងទទួលបានការឆ្លើយតបវិជ្ជមានឆាប់ៗ ពីសំណាក់កូរ៉េខាងជើង ជុំវិញសំណើបើកកិច្ចចរចា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

លោក គីម បានលើកឡើងដូច្នេះថា «យើងកំពុងរង់ចាំចម្លើយពីខាងទីក្រុងព្យុងយ៉ាង ជុំវិញលទ្ធភាពនៃការចាប់ផ្តើមបើកកិច្ចចរចាជាថ្មី ហើយយើងនៅតែបន្តមានក្តីសង្ឃឹមថា នឹងអាចទទួលបាន ការឆ្លើយតបដោយភាពវិជ្ជមានក្នុងពេលឆាប់ៗ ចំពោះសំណើរបស់យើង»។ លោកបេសកជនពិសេសអាមេរិក បាននិយាយបែបនេះ កំលុងកិច្ចពិភាក្សាត្រីភាគីជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុនគឺ លោក ណូ គ្យូឌុក (Noh Kyu-duk) និង លោក តាកេហ៉ីរ៉ូ ហ៊្វូណាកូស៉ិ (Takehiro Funakoshi) នៅទីក្រុងសេអ៊ូល។

លោក ស៊ុង គីម បានទៅដល់កូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុបចំនួន៥ថ្ងៃ ខណៈវាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងតែពីលោកបានឡើងកាន់តួនាទីជា តំណាងពិសេសរបស់អាមេរិក ទទួលបន្ទុកបញ្ហាកូរ៉េខាងជើង កាលពីខែឧសភាកន្លងទៅ។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃសុក្រសប្តាហ៍មុន មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងពាក់ព័ន្ធរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាលើកដំបូង ដោយលោកបានទទូចឲ្យកូរ៉េខាងជើងត្រៀមលក្ខណៈសម្រាប់ការចរចាផង និងការប្រឈមមុខគ្នាផងជាមួយសហរដ្ឋអាមេរិក៕