(វែលលីងតោន)៖ និយ័័តករឱសថនៃប្រទេសនូវែលសេឡង់ មែដសេហ្វ (Medsafe) បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់អាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ជាបណ្តោះអាសន្ន ទៅលើក្មេងវ័យជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំ។ នេះបើតាមការសេចក្តីប្រកាសធ្វើឡើងដោយ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

លោកស្រី Jacinda Ardern បានថ្លែងនៅថ្ងៃចន្ទនេះថា «បន្ទាប់ពីការត្រួតពិនិត្យ និងពិចារណាដោយយោងទៅលើលទ្ធផល នៃផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រដែលមានស្រាប់ Medsafe បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer ជាបណ្តោះអាសន្នទៅលើមនុស្សវ័យក្មេង (១២-១៥ឆ្នាំ)»។ បើតាមលោកស្រីនាយករដ្ឋមន្ត្រី ចំនួនក្មេងជំទង់របស់នូវែលសេឡង់ ដែលស្ថិតក្នុងក្រុមអាយុនេះគឺមានប្រមាណ ២៦៥,០០០នាក់។

គួរបញ្ជាក់ថា ប្រទេសដីកោះនូវែលសេឡង់ ដែលមានប្រជាជនសរុបជាង ៥លាននាក់ បានធ្វើការចាក់វ៉ាក់សាំងបង្ការ COVID-19 Pfizer ជូនដល់ប្រជាជនប្រមាណ ១លាននាក់ហើយ គិតត្រឹមចុងសប្តាហ៍មុននេះ ដោយក្នុងនោះប្រជាជនប្រមាណ ៣៣០,០០០នាក់ ឬស្មើនឹងជិត ៧% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស។ នូវែលសេឡង់ក៏នៅតែបន្តគ្រប់គ្រងស្ថានការណ៍ COVID-19 បានយ៉ាងល្អប្រសើរផងដែរ ដោយប្រទេសនេះមានករណីឆ្លងសរុប ២,៧២០ករណី ក្នុងនោះស្លាប់ ២៦នាក់ និងជាសះស្បើយវិញ ២,៦៧១នាក់ គិតត្រឹមថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១នេះ៕