(ប៉េកាំង)៖ ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេបំផុតនៅលើពិភពលោក ដែលសម្រេចបានការចាក់វ៉ាក់សាំងបង្ការ COVID-19 លើស ១ពាន់លានដូស។ នេះបើតាមគណៈកម្មការជាតិសុខាភិបាលចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។

បើតាមគណៈកម្មការសុខាភិបាលជាតិចិន វ៉ាក់សាំង២០.២លានដូស ត្រូវបានចាក់នៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលនេះបានធ្វើឱ្យចំនួនចាក់ វ៉ាក់សាំងសរុបកើនដល់ ១.០១ពាន់លានដូស។ កាលពីប៉ុន្មានសប្ដាហ៍មុន ចិនបានសម្រេចបានការចាក់វ៉ាក់សាំង២០លានដូស ក្នុងមួយថ្ងៃ ពោលគឺកើនឡើងពី ៤.៨លានដូស នៅក្នុងខែមេសា និងជិត ១២.៥លានដូសកាលពីខែឧសភា។

គួរបញ្ជាក់ថា ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕