(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 រហូតដល់ ២.៥លានដូសទៅឱ្យកោះតៃវ៉ាន់ ដែលកំពុងតស៊ូប្រយុទ្ធនឹងការឆ្លង រាលដាល COVID-19 ផង និងសម្ពាធពីចិនផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។

ការប្រកាសពីផ្គត់ផ្គង់វ៉ាក់សាំងខាងលើកើតមានឡើងនៅពេលសហរដ្ឋអាមេរិក និងចិន ត្រូវបានគេមើលឃើញថាកំពុងប្រជែងគ្នាដណ្ដើមឥទ្ធិពលភូមិសាស្រ្ត នយោបាយតាមរយៈវ៉ាក់សាំងការទូត។ សហរដ្ឋអាមេរិកកាលពីដំបូងឡើយ បានប្រកាសផ្ដល់វ៉ាក់សាំង COVID-19 ឱ្យកោះតៃវ៉ាន់ត្រឹមតែ ៧៥០,០០០ដូស តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ចំនួននេះត្រូវបានបង្កើនបីដងរហូតដល់ ២.៥លានដូស។ បើតាមក្រុមមន្ត្រីតៃវ៉ាន់ វ៉ាក់សាំងទាំង ២.៥លានដូសដែលជាវ៉ាក់សាំង ផលិតដោយក្រុមហ៊ុនអាមេរិក Moderna នឹងត្រូវបញ្ជូនទៅដល់កោះតៃវ៉ាន់នៅល្ងាចថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្ដល់វ៉ាក់សាំង COVID-19 ឱ្យកោះតៃវ៉ាន់នៅក្រោមផែនការចែករំលែងវ៉ាក់សាំងជាមួយពិភពលោករបស់រដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន និងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកបំពេញដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ។ ចិនដែលតែងតែ អះអាងថាកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ក៏បានប្រកាសផ្ដល់វ៉ាក់សាំងឱ្យកោះតៃវ៉ាន់ផងដែរ តែទីក្រុងតៃប៉ិមិនទាន់ឆ្លើយតបនោះទេ៕