(ប៉ារីស)៖ សហភាពអឺរ៉ុបបានឱ្យដឹងថាប្រទេសជាភាគីនៃកិច្ចចរចាដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឡើងវិញ នឹងរៀបចំកិច្ចប្រជុំផ្លូវការមួយនៅក្នុង ទីក្រុងវីយ្យែន ប្រទេសអូទ្រីស នៅថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។

ប្រទេសអ៉ីរ៉ង់ និងមហាអំណាចចំនួន៦ផ្សេងទៀត បានជួបចរចាគ្នាចាប់តាំងពីខែមេសាមកម្លេះ ក្នុងគោលបំណងរៀបចំកិច្ចចរចាណាមួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ សហរដ្ឋអាមេរិក នៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ កាលពីឆ្នាំ២០១៨ ដោយចោទថាអ៉ីរ៉ង់មិនបានគោរពតាមកិច្ចព្រមព្រៀងនេះ។

កិច្ចប្រជុំផ្លូវការនៅថ្ងៃអាទិត្យនេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក អ៉ីប្រាហ៊ីម រ៉ៃស៊ីជាប់ឆ្នោតជាប្រធានាធិបតីអ៉ីរ៉ង់ថ្មីនៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃសុក្រកន្លងទៅនេះ។

គួរបញ្ជាក់ថា ប្រទេសជាភាគីដែលនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ បច្ចុប្បន្នមាន អ៉ីរ៉ង់, រុស្ស៊ី, ចិន, បារាំង, ចក្រភពអង់គ្លេស, អាល្លឺម៉ង់ និងសហភាពអឺរ៉ុប។ ចាប់តាំងពីអាមេរិកដកខ្លួន អ៉ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាបន្តបន្ទាប់ដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភថា សកម្មភាពបែបនេះនឹងបើកផ្លូវឱ្យអ៉ីរ៉ង់ផលិតគ្រាប់បែកនុយក្លេអ៊ែរ៕