(តែអាវីវ)៖ ប្រទេសអ៉ីស្រាអែលបាននិយាយថាសហគមន៍អន្តរជាតិទាំងមូលគួរតែមានការព្រួយបារម្ភចំពោះលោក អ៉ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ដែល ទើបតែជាប់ឆ្នោតជាប្រធានាធិបតីអ៉ីរ៉ង់ថ្មី នៅក្នុងការបោះឆ្នោតសកលកាលពីសុក្រកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យម្នាក់នៃក្រសួងបរទេសអ៉ីស្រាអែល បានចាត់ទុកលោក អ៉ីប្រាហ៊ីម រ៉ៃស៊ី គឺជាប្រធានាធិបតីដ៏គ្រោះថ្នាក់ និងជ្រុលនិយមបំផុតម្នាក់មិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសអ៉ីរ៉ង់។ អ្នកនាំពាក្យរូបនេះក៏បានព្រមានដែរថាលោក រ៉ៃស៊ីអាចនឹងបង្កើនសកម្មភាពនុយក្លេអ៊ែរ របស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃអ៉ីរ៉ង់កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅទីបំផុតទៅបានចេញសេចក្តីប្រកាសថា លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី គឺជាបេក្ខជនដែលជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៨ នៃប្រទេសអ៉ីរ៉ង់ ដោយទទួលបានការគំាទ្រ ៦២ភាគរយនៃសន្លឹកឆ្នោតសរុប។ ក្រោយជាប់ឆ្នោត លោក រ៉ៃស៊ី នឹងចូលស្បថកាន់តំណែងជាផ្លូវការ នៅកំលុងដើមខែសីហា ខាងមុខនេះ៕