(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃសៅរ៍ម្សិលមិញនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៤៨៦ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយគេហទំព័រក្រសួងសុខាភិបាលវៀតណាម បង្ហាញតួលេខនៅយប់ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីសហគមន៍នៅថ្ងៃសៅរ៍នេះ ទីក្រុងហូជីមីញគឺជាអ្នករ៉ាប់រ៉ងច្រើនជាងគេ ខណៈដែលទីក្រុងមួយនេះ បានឈានដល់ថ្ងៃទី២០ហើយ នៃការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ។ ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Bac Giang ចំនួន៤៩នាក់, ខេត្ត Bac Ninh ចំនួន៣៦នាក់, ខេត្ត Binh Duong ចំនួន៣០នាក់ និងខេត្ត Nghe An ចំនួន១៦នាក់ ខណៈករណីឆ្លងថ្មីៗនៅតាមខេត្តចំនួន១០ផ្សេងទៀត គឺក្រោមៗ១០នាក់។

គួរបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួន០២នាក់ ផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃសៅរ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១២,៩០០នាក់ ក្នុងនោះស្លាប់ ៦៤នាក់ និងជាសះស្បើយយ៉ាងហោច ៤,៧៨៨នាក់៕