(ញូដេលី)៖ ឥណ្ឌាក្នុងនាមជាប្រទេសផលិតវ៉ាក់សាំង ធំបំផុតរបស់ពិភពលោក បានបង្ហាញក្តីសង្ឃឹមថា ខ្លួននឹងអាចនាំចេញវ៉ាក់សាំងបង្ការ COVID-19 ទៅកាន់ពិភពលោកឡើងវិញ បន្ទាប់ពីការផ្អាកអស់ប៉ុន្មានខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

ទោះជាបែបនេះក្តី ឥណ្ឌាក៏បានពន្យល់បែបនេះវិញថា ខ្លួនមិនទាន់អាចនាំចេញវ៉ាក់សាំងភ្លាមៗឡើយ បើតម្រូវការក្នុងស្រុកនៅតែខ្វះខាតនោះ។ ប្រមុខនៃអង្គភាពពិសេសគ្រប់គ្រង COVID-19 របស់ឥណ្ឌា លោកបណ្ឌិត វីណុដ ផូល (Vinod K Paul) បានប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយ AP យ៉ាងដូច្នេះថា «នៅពេលដែលប្រជាជនឥណ្ឌា ទទួលបានវ៉ាក់សាំងដ៏ចាំបាច់រួចហើយ នោះបន្ទាប់មកយើងនឹងដើរតួនាទី ក្នុងការផ្គត់ផ្គង់ប្រទេសដទៃ ដោយការនាំចេញវ៉ាក់សាំងទៅកាន់ពួកគេវិញ»

មន្ត្រីជាន់ខ្ពស់ឥណ្ឌាខាងលើនេះ បានសម្តែងការគាំទ្រផងដែរ ចំពោះចំណាត់ការរបស់រដ្ឋាភិបាលកន្លងមក ក្នុងការផ្អាកការនាំចេញវ៉ាក់សាំង កាលពីអំឡុងខែមេសា ឆ្នាំ២០២១ ដើម្បីទប់ទល់នឹងការផ្ទុះ COVID-19 រលកទី ២ ដែលបាននាំឲ្យឥណ្ឌាមើលឃើញចំនួនអ្នកឆ្លងជាមធ្យមលើស ៤០០,០០០នាក់ និងជាអ្នកជំងឺ ៤,០០០នាក់ក្នុងមួយថ្ងៃៗ។ យ៉ាងណាក៏ដោយ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានការណ៍ហាក់ធូរស្រាលមកវិញ នោះគឺអត្រាឆ្លងប្រចាំថ្ងៃ ធ្លាក់មកនៅក្រោមខ្ទង់ ១០០,០០០នាក់ ប៉ុន្តែបើធៀបនឹងប្រទេសនានាពិភពលោក លើកលែងតែប្រេស៊ីល ឥណ្ឌានៅស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងនៅឡើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុបជិត ៣០លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៣៨៥,០០០នាក់ និងជាសះស្បើយវិញគឺ ២៨.៦៧លាននាក់។ ប្រទេសឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៦៣លានដូសហើយជូនប្រជាជន ក្នុងនោះ ៤៨.៣លាននាក់ (៣.៥% នៃចំនួនប្រជាជនសរុប) បានចាក់គ្រប់ដូស៕