(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅសុក្រសប្ដាហ៍នេះបានជំរុញឱ្យជនជាតិអាមេរិក មកទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ខណៈមានការគំរាមកំហែងពីវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ឬ B16172 (វីរុស COVID-19 បម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា) ដែលកំពុង បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

លោក បៃដិន បានគូសបញ្ជាក់ក្នុងសុន្ទរកថា នៅឯសេតវិមានថា «ត្រូវធ្វើសកម្មភាពឥឡូវនេះ... ត្រូវធ្វើសកម្មភាពឥឡូវនេះ...»។ លោក ចូ បៃដិន កំពុងជំរុញឱ្យអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ពិភាក្សាជាមួយក្រុមគ្រួសារ មិត្តភក្តិ និងក្រុមគ្រូពេទ្យរបស់ពួកគេ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ដើម្បីស្វែងយល់អំពីបញ្ហានេះ។ ការស្លាប់ និងការចូលសម្រាកនៅមន្ទីរពេទ្យ កំពុងធ្លាក់ចុះយ៉ាងខ្លាំង នៅតាមតំបន់មួយចំនួន ដែលមនុស្សភាគច្រើននៅទីនោះ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់។

លោកស្រី កាម៉ាឡា ហារីស ក៏បានលើកឡើងនៅកំឡុងពេលបើក យុទ្ធនាការចាក់វ៉ាក់សាំង នៅឯវិហារដ៏ល្បីល្បាញមួយ នៅទីក្រុងអាត្លង់តា (Atlanta) រដ្ឋចរចៀ (Georgia) ផងដែរថា «នៅពេលដែលអ្នកបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ខ្លួននាក់រួចរាល់ហើយនោះមានន័យថា អ្នកនឹងមិនអាចចម្លងវីរុសទៅអ្នកផ្សេងបានទេ ពីព្រោះអ្នកអាចនឹងមិនឆ្លងវាឡើយ»

ក្នុងល្បឿនបច្ចុប្បន្ន សហរដ្ឋអាមេរិកហាក់បីដូចជាមិនអាចឈានដល់គោលដៅរបស់លោក បៃដិន ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ០១ដូសជូនដល់មនុស្សពេញវ័យរបស់ខ្លួនប្រមាណ ៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យនោះទេ។ បច្ចុប្បន្ន មានតែរដ្ឋចំនួន ១៥ ហើយនិងទីក្រុងវ៉ាស៊ីនតោនឌីស៊ីប៉ុណ្ណោះ ដែលបានសម្រេចនូវគោលដៅនោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ប្រហែល ៦៥.១ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបនៅសហរដ្ឋអាមេរិក ដែលបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូស ហើយល្បឿននេះ បានកើនឡើងតិចជាងមួយភាគរយក្នុងរយៈពេល ០២សប្តាហ៍កន្លងមកនេះ៕