(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២៦៤ករណីបន្ថែមទៀត ក្នុងនោះ ២៥៩នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៥នាក់ទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីសហគមន៍នៅថ្ងៃសុក្រនេះ ទីក្រុងហូជីមីញគឺជាអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយនឹងការបំបែកកំណត់ត្រាថ្មីដោយរកឃើញអ្នកឆ្លងថ្មីរហូតដល់ ១៤៩នាក់ ខណៈដែលទីក្រុងនេះមួយបានឈានដល់ថ្ងៃទី១៩ ហើយ នៃការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

ចំណែកនៅខេត្ត Bac Giang រកឃើញ ៧៦ករណី ខណៈ ១៦ករណីត្រូវបានរកឃើញនៅខេត្ត Bắc Ninh, ១២នាក់នៅខេត្ត Bình Dương, ០៣នាក់នៅខេត្ត Hà Tĩnh, ០២នាក់នៅខេត្ត Hòa Bình និងម្នាក់ទៀតនៅខេត្ត Lào Cai។

ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួនម្នាក់ផងដែរ នៅលើស្ត្រីវៀតណាមម្នាក់អាយុ ៧១ឆ្នាំ។

សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១២,៤១៤នាក់ ក្នុងនោះស្លាប់ ៦២នាក់ និងជាសះស្បើយ ៤,៧៣៣នាក់៕