(វ៉ាស៊ីនតោន)៖ នៅពេលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីពេលថ្មីៗនេះបានអំពាវនាវឱ្យមានការស្ដារឡើងវិញនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ្នកនាំពាក្យសេតវិមានម្នាក់បានឆ្លើយតបវិញថាសហរដ្ឋអាមេរិកមើលឃើញទំនាក់ទំនងជាមួយចិន គឺជាការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយដែលតម្រូវឱ្យមានការប្រកាន់ ជំហរយ៉ាងរឹងមំា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន ក៏ធ្លាប់បានប្រកាសជាសាធារណៈផងដែរថាចិនជាគូសត្រូវភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុង ស.វទី២១នេះ ហើយប្រធានាធិបតីអាមេរិកលោក ចូ បៃដិនសន្យាថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីខ្ទប់ឥទ្ធិពល និងមិនឱ្យចិនវ៉ាដាច់អាមេរិកជាដាច់ខាតនៅក្នុងអាណត្តិ របស់លោក។ ការសន្យានេះបានលេចចេញជារូបរាងបណ្ដើរៗនៅអំឡុងដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃរបស់លោក បៃដិន ទៅកាន់ទ្វីបអ៉ឺរ៉ុបជាទីដែលលោកបានយកចិន ធ្វើជារបៀបវារៈសំខាន់ដាក់លើតុពិភាក្សាទាំងនៅក្នុងកិច្ចប្រជុំកំពូល G7 និងកិច្ចប្រជុំកំពូលអង្គការ NATO។

អ្នកជំនាញមួយចំនួនដូចជាលោក ចូសេប នី (Joseph S. Nye) ជាសាស្ត្រចារ្យម្នាក់មកពីសាកលវិទ្យាល័យ Harvard បានលើកឡើងពីសង្រ្គាមប៉េឡុនប៉ុននេស៊ី (Peloponnesian) ដែលបង្កឡើងដោយសារតែការភ័យខ្លាចរបស់ពួក ស្ប៉ាក (Sparta) ប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលអាតែន (Athens) នាសម័យបុរាណ មកធ្វើជាឧទាហរណ៍នៃរបត់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ អាមេរិក និងចិនក្នុងពេលបច្ចុប្បន្ន កំពុងប្រជែងគ្នាសឹងតែលើគ្រប់វិស័យរាប់ចាប់ពីភូមិសាស្ត្រ នយោបាយរហូតដល់បច្ចេកវិទ្យា ដោយម្ខាងប្រឹងខ្ទប់ឥទ្ធិពល រីឯម្ខាងទៀតប្រឹងងើបឡើងដែលនេះធ្វើឱ្យក្រុមអ្នកជំនាញព្រួយបារម្ភខ្លាចក្រែងការប្រជែងគ្នារវាង មហាអំណាចទាំងពីរអាចនឹងផ្ទុះទៅជាសង្រ្គាមនឹងគ្នានៅថ្ងៃណាមួយ។

បើតាមលោក Joseph Nye ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចអាចជួយកាត់បន្ថយលទ្ធភាពនៃការផ្ទុះសង្រ្គាម ពីព្រោះទាំងសហរដ្ឋអាមេរិក និងចិនសុទ្ធតែមាន ប្រយោជន៍រួមនៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ ប៉ុន្តែទន្ទឹមគ្នា ការវិនិច្ឆ័យខុសក៏អាចកើតឡើងគ្រប់ពេលវេលាផងដែរ ហើយពេលខ្លះវាក៏អាចបង្កទៅជា គ្រោះមហន្តរាយក៏ថាបាន។ លោក Joseph Nye បន្ថែមថាមូលហេតុដែលអាចបង្កឱ្យមានសង្រ្គាមផ្ទុះឡើងរវាងអាមេរិក និងចិននោះគឺ «ការភ័យខ្លាច» ដូចគ្នាទៅនឹង សង្រ្គាមប៉េឡុនប៉ុននេស៊ី (Peloponnesian)។ ពោលគឺការលេចមុខឡើងនៃមហាអំណាចថ្មីដូចជាចិន បានបង្កការភ័យខ្លាចដល់សហរដ្ឋអាមេរិកដែលកំពុងប្រើប្រាស់គ្រប់ មធ្យោបាយដើម្បីរារាំង ធ្វើយ៉ាងណាអាចទប់ស្កាត់កុំឱ្យចិនដណ្ដើមតំណែងជាមហាអំណាចលេខមួយផុតលេខ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចជាច្រើន ធ្លាប់បានព្យាករថាចិនអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខមួយនៅលើពិភពលោកនៅឆ្នាំ២០៣០ ខណៈ បើគិតតាមលុយដុល្លារ សេដ្ឋកិច្ចចិនមានទំហំស្មើនឹង ២ភាគ៣នៃសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែបើទោះជាចិនវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ច លេខមួយនៅលើពិភពលោកមែនក៏ដោយ ក៏មិនប្រាកដថាចិនអាចប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយឈ្នះសហរដ្ឋអាមេរិកនោះដែរ។ ដ្បិតចិននៅតាមពីក្រោយ សហរដ្ឋអាមេរិកឆ្ងាយណាស់ខាង «អំណាចស្រទន់» ហើយការចំណាយលើយោធាវិញគឺអាមេរិកលើសចិនរហូតដល់ទៅ៤ដងឯណោះ។ ម្យ៉ាងវិញទៀតខណៈយោធាចិនមាន សមត្ថភាពកាន់តែខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ពិតមែន តែក្រុមអ្នកវិភាគភាគច្រើននៅតែជឿជាក់ថាយោធាចិននឹងមិនមានសមត្ថភាពបណ្ដេញ ឬបន្សាប ឥទ្ធិពលអាមេរិកទាំងស្រុងនៅក្នុងតំបន់ប៉ាស៊ីហ្វិកបានឡើយ។

ពិតមែនទៅ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន និងជាអ្នកដែលចិនឱ្យលុយខ្ចីច្រើនជាងគេផងដែរ។ គិតមកទល់នឹងពេលនេះ ប្រទេសជាង១០០
បានចាត់ទុកចិនជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ពួកគេ ធៀបទៅនឹង ៥៧ប្រទេសដែលចាត់ទុកអាមេរិកជាដៃគូពាណិជ្ជកម្មដ៏ធំ។ ចិនមានផែនការផ្ដល់ប្រាក់កម្ចី១ទ្រីលានដុល្លារ តាមរយៈគំនិតផ្ដួតផ្ដើមខ្សែក្រវាត់ និងផ្លូវ ស្របពេលអាមេរិកកាត់បន្ថយជំនួយទៅក្រៅប្រទេស ដែលនេះនឹងធ្វើឱ្យចិនទាញប្រយោជន៍ពង្រីកអំណាចសេដ្ឋកិច្ចរបស់ខ្លួន។

តែទោះជាយ៉ាងនេះក្ដី តុល្យភាពអំណាចគឺពិបាកវិនិច្ឆ័យណាស់។ សហរដ្ឋអាមេរិកអាចនឹងនៅតែបន្តកាន់តំណែងជាមហាអំណាចសឹងតែគ្រប់វិស័យនៅរយៈពេលវែង ទៅមុខទៀត ផ្ទុយពីចិនដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ និយាយពីភូមិសាស្ត្រ សហរដ្ឋអាមេរិកព័ទ្ធទៅដោយមហាសមុទ្រ និងប្រទេសក្បែរខាងដែលនៅតែមាន
ទំនាក់ទំនងជាមិត្តភាគច្រើន។ ចំណែកឯចិនវិញមានព្រំដែនជាប់១៤ប្រទេស ហើយមានជម្លោះទឹកដីជាមួយឥណ្ឌា, ជប៉ុន និងវៀតណាមដែលនេះសុទ្ធតែជាកត្តាគួបផ្សំអាច បង្អាក់ការពង្រីកអំណាចស្រទន់របស់ចិន។

វិស័យថាមពលជាវិស័យឈានមុខគេមួយរបស់សហរដ្ឋអាមេរិក។ កាលពីជាង១០ឆ្នាំមុន សហរដ្ឋអាមេរិកជាប្រទេសមួយពឹងផ្អែកតែទៅលើការនាំចូលថាមពលពីប្រទេសដទៃ ប៉ុន្តែបច្ចុប្បន្នសហរដ្ឋអាមេរិកបានកែប្រែខ្លួនពីប្រទេសនាំចូល ទៅជាប្រទេសនាំចេញថាមពលវិញ ស្របពេលដែលចិនកាន់តែពឹងផ្អែកលើការនាំចូលថាមពល ជាពិសេសពី តំបន់មជ្ឈិមបូព៌ា។ សហរដ្ឋអាមេរិកមានកត្តាប្រជាសាស្ត្រអំណោយផលជាងចិនដែលមានប្រជាជនវ័យចំណាស់កាន់តែច្រើន ហើយឥណ្ឌាត្រូវបានគេរំពឹងថានឹងវ៉ាដាច់ចិន ក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតនៅលើពិភពលោកក្នុងពេលអនាគតដ៏ខ្លី។

លើសពីនេះទៅទៀត សហរដ្ឋអាមេរិកនៅតែនាំមុខគេខាងផ្គត់ផ្គង់សេវាពិភពលោក, បច្ចេកវិទ្យា ដែលចូលរួមចំណែកយ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ច ហើយរឹតតែសំខាន់ ទៅទៀតនោះ សាកលវិទ្យាល័យល្បីៗខាងស្រាវជ្រាវ និងបច្ចេកវិទ្យាមានចំនួន១៥ ក្នុងចំណោមសាកលវិទ្យាល័យលំដាប់ពិភពលោកទាំង២០ ជាសកលវិទ្យាល័យរបស់ សហរដ្ឋអាមេរិក ដោយមិនទាន់មានឈ្មោះសកលវិទ្យាល័យចិនណាមួយជាប់ឈ្មោះនៅឡើយទេ។ បញ្ហាទាំងនេះឯងដែលចិនត្រូវដោះស្រាយជាមុនសិន បើសិនជាចិន ចង់ផ្ដួលអាមេរិក៕

ប្រភព៖ Project-Syndicate (ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១)