(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃសុក្រនេះបានរាយការណ៍ថា មនុស្សគ្រប់រូបដែលធ្វើដំណើរចូលមកកាន់ប្រទេសឡាវ ត្រូវតែអនុវត្តតាមរាល់វិធានការការពារ និងទប់ស្កាត់ជំងឺ COVID-19 ដដែល បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងចំនួន ០២ដូសរួចរាល់ហើយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

សារព័ត៌មានក្នុងស្រុក Vientiane Times នៅថ្ងៃសុក្រនេះ បានដកស្រង់សម្តីអគ្គនាយកនៃនាយកដ្ឋានលើកកម្ពស់អនាម័យ និងសុខភាពនៅក្រោមក្រសួងសុខាភិបាលឡាវ គឺលោក Phonepaseuth Ounaphome ថា រាល់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញហើយ នៅតែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃដដែលនៅពេលមកដល់ប្រទេសឡាវ។

លោក Ounaphome បានមានប្រសាសន៍ថា «យើងមិនបានដាក់ចេញនូវគោលនយោបាយពិសេសណាមួយសម្រាប់កាត់បន្ថយរយៈពេល នៃការធ្វើចត្តាឡីស័កនោះទេ»។ ទោះយ៉ាងណា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២ដូសរួចរាល់ហើយ នឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយពិសេសស្តីពីការធ្វើដំណើរក្នុងស្រុកដោយអនុលោមតាមវិធានការការពារ និងបង្ការជំងឺ COVID-19 របស់រដ្ឋាភិបាល។

តាមច្បាប់ទាំងនេះ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស និងផ្លូវគោករវាងរដ្ឋធានីវៀងច័ន្ទ និងតាមបណ្តាខេត្តនានា ត្រូវបានអនុញ្ញាតសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរយៈពេលមួយខែ មុនពេលធ្វើដំណើរតែប៉ុណ្ណោះ។ បុគ្គលទាំងនេះ ក៏នឹងមិនចាំបាច់ចំណាយរយៈពេល ១៤ថ្ងៃក្នុងការធ្វើចត្តាឡីស័កផងដែរ។

គួរបញ្ជាក់ថា ឥឡូវនេះ អាជ្ញាធរឡាវ កំពុងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ដោយសង្ឃឹមថា នឹងអាចចាក់វ៉ាក់សាំងជូនដល់ប្រជាជនប្រមាណ ៥០ភាគរយនៃប្រជាជនសរុបរបស់ខ្លួននៅចុងឆ្នាំ២០២១នេះ។ គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសឡាវ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២,០៤៧ករណី ក្នុងនោះមានអ្នកស្លាប់ ០៣នាក់ និងអ្នកជាសះស្បើយ ១,៩៣១នាក់៕