(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះបានប្រកាសថា ទោះបីជាមានការឆ្លងរាតត្បាតនៃជំងឺ COVID-19 ក៏ដោយ ក៏ចំនួននៃប្រជាជនដែលភៀសខ្លួនចេញពី សង្គ្រាម អំពើហិង្សា ការរើសអើង និងការធ្វើទុកបុកម្នេញនៅតែបន្តកើនឡើងផងដែរ កាលពីឆ្នាំ២០២០កន្លងទៅនេះ ដោយការផ្លាស់ទីលំនៅនៅលើពិភពលោក បានកើនឡើងដល់ជាង ៨២លាននាក់ ពោលគឺកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងកំលុងពេលមួយទសវត្សន៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

របាយការណ៍ថ្មីពីទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់ UN បានបង្ហាញថា តួលេខនៃការផ្លាស់ទីលំនៅនៅទូទាំងពិភពលោក បានកើនឡើងប្រមាណ ៣លាននាក់ទៀតកាលពីឆ្នាំ២០២០ កន្លងទៅនេះ។ ប៉ុន្តែការពិតទៅ តួលេខដែលកើនឡើងក្នុងរយៈពេល ០៩ឆ្នាំជាប់ៗគ្នានេះ គឺអាចមានភាពយ៉ាប់យ៉ឺនជាងនេះទៅទៀត ប្រសិនបើគ្មានការរឹតត្បឹតប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទេនោះ។

ប្រធានឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់ អង្គការសហប្រជាជាតិ (UNHCR) លោក ហ្វីលីពផូ ហ្គ្រែនឌី (Filippo Grandi) បានគូសបញ្ជាក់ប្រាប់សារព័ត៌មានបារាំង AFP ថា ក្នុងកំឡុងពេលមានជំងឺឆ្លងរាតត្បាតនេះ «អ្វីៗផ្សេងទៀត ត្រូវបានបញ្ឈប់រួមទាំងសេដ្ឋកិច្ចផងដែរ ប៉ុន្តែសង្គ្រាម ជម្លោះ អំពើហិង្សា ការរើសអើង និងការធ្វើទុក្ខបុកម្នេញនៅតែបន្តកើតមានឡើង។ កត្តាទាំងអស់នេះហើយ ដែលជំរុញឱ្យប្រជាជនទាំងនេះ នៅតែបន្តភៀសខ្លួន»

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់ UN គិតត្រឹមចុងឆ្នាំ២០២០ ប្រជាជនប្រមាណ ៨២.៤លាននាក់ កំពុងរស់នៅជាជនភៀសខ្លួន ឬជាជនស្វែងរកសិទ្ធិជ្រកកោន ដែលតួលេខនេះបានកើនឡើងពីចំនួនប្រមាណ ៤០លាននាក់កាលពីឆ្នាំ២០១១ ហើយក្នុងនោះមាន ៤២ភាគរយគឺជាក្មេងស្រី និងក្មេងប្រុសដែលមានអាយុក្រោម ១៨ឆ្នាំ៕