(ស៊ីដនី)៖ អាជ្ញាធររដ្ឋ ញូសោតវែលស៍ (New South Wales) បានបង្គាប់ឲ្យទីក្រុងស៊ីដនី ដែលមានប្រជាជនរស់នៅជាង ៥លាននាក់ អនុវត្តកាតព្វកិច្ចពាក់ម៉ាសឡើងវិញ នៅពេលធ្វើដំណើរតាមគ្រប់ មធ្យោបាយដឹកជញ្ជូនសាធារណៈទាំងអស់ ព្រមទាំងនៅទីកន្លែងបិទជិតដូចជា រោងកុន និងផ្សារទំនើបជាដើម ដើម្បីទប់ទល់វីរុស COVID-19 បំប្លែងថ្មី ឌែលតា (Delta មានប្រភពដើមពីឥណ្ឌា)។ នេះបើតាមចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីបង្គាប់ខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta ទីបួនត្រូវបានរកឃើញ។ យ៉ាងណាក៏ ព្រឹត្តិការណ៍នានាដែលត្រូវបានគ្រោងរៀបចំឡើង នៅតាមទីកន្លែងនានា នៅតែអាចបន្តប្រព្រឹត្តទៅបានក្នុងទីក្រុងស៊ីដនី ដែលមានប្រជាជនរស់នៅច្រើនបំផុត ប្រចាំនៅប្រទេសអូស្ត្រាលី ប៉ុន្តែត្រូវតែអនុវត្តឲ្យបានទៅតាម វិធានការរក្សាសុវត្ថិភាពពី COVID-19។

ការផ្ទុះករណីឆ្លងចុងក្រោយ នៅក្នុងតំបន់រដ្ឋញូសោតវែលស៍ នៃភាគខាងកើតអូស្ត្រាលីនេះ គឺជាលើកដំបូងហើយនៅក្នុងរយៈពេល ១ខែ។ វីរុសបំប្លែងថ្មី Delta ត្រូវបានរកឃើញដំបូងគេលើអ្នកបើកបររថយន្តម្នាក់ ក្នុងទីក្រុងស៊ីដនី ដែលបានដឹកក្រុមបុគ្គលិកបម្រើការងារវិស័យអាកាសចរណ៍ មកពីក្រៅប្រទេស។ ដោយឡែកសម្រាប់ករណីឆ្លងទី ៤ ចុងក្រោយគេ ទំនងជាបានឆ្លងពីអ្នកផ្ទុកវីរុស COVID-19 បំប្លែងខ្លួនថ្មីនេះ នៅក្នុងផ្សារទំនើបមួយក្នុងទីក្រុងស៊ីដនីដដែល។

គួរបញ្ជាក់តាមអាជ្ញាធររដ្ឋ ញូសោតវែលស៍ បានអះអាងថា ពួកគេមិនចង់ឲ្យប្រជាជនមានការតក់ស្លុត ចំពោះបញ្ហាខាងលើនេះឡើយ ប៉ុន្តែសេចក្តីប្រកាស និងបង្គាប់ឲ្យពាក់ម៉ាសឡើងវិញនេះ គឺជាការក្រើនរំលឹកកម្រិតខ្ពស់មួយ ខណៈដែលករណីពាក់ព័ន្ធ នៃការឆ្លងរាតត្បាតវីរុសបំប្លែងថ្មី Delta ចុងក្រោយនេះ កំពុងស្ថិតនៅក្នុងការតាមប្រមាញ់នៅឡើយ៕