(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបាននិយាយថាប្រទេសរបស់លោកចាំបាច់ត្រូវតែត្រៀមខ្លួនសម្រាប់កិច្ចចរចា និងការប្រឈមមុខដាក់គ្នាជាមួយ សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

លោក គីម ជុងអ៊ុនធ្វើការកត់សម្គាល់ខាងលើកំឡុងដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមគណបក្សពលករកូរ៉េនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក គីម បានសង្កត់ធ្ងន់នាឱកាសនោះដូច្នេះថា៖ «កូរ៉េខាងជើងចាំបាច់ត្រូវការត្រៀមខ្លួនដោះស្រាយជាមួយអាមេរិកទាំងតាមផ្លូវចរចា និងការប្រឈមមុខដាក់គ្នាដើម្បីការពារ កិត្តិយសជាតិ និងធានាឱ្យបាននូវបរិយាកាសសន្តិភាព»

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ក៏បានបង្ហើបត្រួសៗពីយុទ្ធសាស្ត្ររបស់លោកពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ព្រមទាំងគោលនយោបាយប្រឈមមុខនឹងរដ្ឋបាលលោក ចូ បៃដិន ផងដែរ៕