(កង់បេរ៉ា)៖ រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលី លោក ហ្គ្រេក ហាន់ត៍ (Greg Hunt) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ក្រុមប្រឹក្សាបច្ចេកទេសស្តីពីការចាក់វ៉ាក់សាំង (ATAGI) បានណែនាំថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca គួរតែត្រូវចាក់ជូនដល់អ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ជាជាងអ្នកដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ដូចតាមការណែនាំកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។

លោក Hunt បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកជំនាញនៅ ATAGI នាថ្ងៃនេះ ក៏បានធ្វើបច្ចុប្បន្នភាពលើការណែនាំពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង Pfizer ផងដែរ ដោយវ៉ាក់សាំងនេះ គួរតែត្រូវចាក់ជូនអ្នកដែលមានអាយុ៥៩ឆ្នាំចុះក្រោមវិញ។ ការណែនាំរបស់ ATAGI នៅតែប្រកាន់ជំហរច្បាស់ថា វ៉ាក់សាំង AstraZeneca គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារអ្នកជំងឺ COVID-19 កុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬរហូតដល់ស្លាប់»។ ការណែនាំរបស់ ATAGI ដែលទទួលបាននៅថ្ងៃនេះ គឺផ្អែកលើភស្តុតាងថ្មីដែលបង្ហាញពីហានិភ័យខ្ពស់ នៃបញ្ហាកំណកឈាម (TTS) ក្នុងចំណោមក្រុមអាយុ ៥០-៥៩ឆ្នាំ»។

លោក Greg Hunt បានគូសបញ្ជាក់បន្ថែមថា វ៉ាក់សាំង AstraZeneca នៅតែត្រូវបានណែនាំចាក់ជូនដល់អ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ដោយផ្អែកលើហានិភ័យខ្ពស់នៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬរហូតដល់ស្លាប់ចំពោះអ្នកជំងឺ COVID-19 នៅក្នុងក្រុមអាយុនេះ និងហានិភ័យទាបនៃបញ្ហាកំណកឈាម។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ ATAGI បានកើតឡើងបន្ទាប់ពី ការរកឃើញករណីថ្មីៗចំនួន ១២ករណី នៃបញ្ហាកំណកឈាមកម្រនេះ កាលពីសប្តាហ៍មុន៕