(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១នេះបានសម្រេចលុបចោលការប្រកាសភាពអាសន្នប្រឆាំង COVID-19 នៅក្នុងខេត្តចំនួន៨ និងទីក្រុងតូក្យូចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយតទៅ បន្ទាប់ពីមានការយល់ព្រមពីក្រុមប្រឹក្សាយោបល់ស្ដីពី COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ។

ការប្រកាសភាពអាសន្នក្នុងទីក្រុងតូក្យូ និងខេត្ត៨ផ្សេងទៀតដូចជា Hokkaido, Aichi, Kyoto, Osaka, Hyogo, Okayama, Hiroshima និងខេត្ត Fukuoka។ ការប្រកាសភាពអាសន្នប្រឆាំង COVID-19 បច្ចុប្បន្ន នឹងត្រូវបញ្ចប់នៅតាមខេត្តទាំងអស់ក្នុងប្រទេសជប៉ុន នៅថ្ងៃទី២០ ខែមិថុនានេះ លើកលែងតែខេត្ត Okinawa។ Okinawa នឹងត្រូវបន្ត ស្ថិតនៅក្រោមភាពអាសន្ន រហូតដល់ថ្ងៃទី១១ ខែកក្កដា ដោយសារតែស្ថានការណ៍ COVID-19 នៅក្នុងខេត្តមួយនេះស្ថិតនៅ ក្នុងកម្រិតគួរឱ្យបារម្ភដដែល។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer ជប៉ុនបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ៧៧៩,៣៣៨នាក់ ក្នុងនោះស្លាប់ ១៤,២៦៩នាក់ និងជាសះស្បើយឡើងវិញ ៧៤០,២១៣នាក់៕