(ញូយ៉ក)៖ ក្រុមហ៊ុនឱសថអាល្លឺម៉ង់ CureVac នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាបេក្ខភាពវ៉ាក់សាំង COVID-19 របស់ខ្លួនមានប្រសិទ្ធភាពត្រឹមតែ៤៧ភាគរយប៉ុណ្ណោះ នៅក្នុងការធ្វើតេស្ដដំណាក់កាលចុងក្រោយ ដោយមិនអាចសម្រេចបានតាមគោលដៅឡើយ ខណៈការសន្យាប្រគល់វ៉ាក់សាំងរាប់រយលានដូសដល់សហភាពអឺរ៉ុប កំពុងស្ថិតក្រោមការសង្ស័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។

ការខកចិត្តចំពោះប្រសិទ្ធភាពនៃបេក្ខភាពវ៉ាក់សាំង COVID-19 ក្រុមហ៊ុន CureVac មានឈ្មោះថា CVnCoV ត្រូវបានបង្ហាញនៅក្នុងទិន្នន័យវិភាគបឋមមួយផ្អែកលើករណី ឆ្លង COVID-19 នៅក្នុងការធ្វើតេស្ដលើអ្នកស័្មគ្រចិត្ត ៤០,០០០នាក់នៅក្នុងតំបន់អឺរ៉ុប និងអាមេរិកឡាទីន។ ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះបន្ថែមថានៅក្នុងចំណោមករណីឆ្លង ក្នុងការធ្វើតេស្ដទៀតសោត មានវីរុសបំប្លែងខ្លួនថ្មី១៣ករណី។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបកាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាទិញវ៉ាក់សាំង ៤០៥លានដូសពីក្រុមហ៊ុន CureVac តែលទ្ធផលធ្វើតេស្ដនេះកំពុងបង្កការសង្ស័យ ចំពោះការផ្គត់ផ្គង់។ ក្រោយការចេញផ្សាយលទ្ធផលធ្វើតេស្ដខាងលើ ភាគហ៊ុនក្រុមហ៊ុន CureVac នៅផ្សារហ៊ុនអាមេរិកបានធ្លាក់ចុះ៤៨ភាគរយ៕