(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤,០៦៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៣៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣៦៥,៩៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៦,១៥០នាក់ និងជាសះស្បើយឡើងសរុប ២៨,៦១៦,៤៩៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

នៅក្នុងសប្តាហ៍នេះ រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកដូចជា កាលីហ្វ័រញ៉ា និងញូយ៉កជាដើម ដែលសុទ្ធសឹងជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុតនោះ បានប្រកាសបើកទ្វារឡើងវិញ និងបន្ធូរបន្ថយការរឹតត្បិតប្រឆាំង COVID-19 ស្ទើរតែទាំងស្រុង ក្រោយការចាក់វ៉ាក់សាំងបង្ការជំងឺនេះសម្រេចបាន ៧០% នៃចំនួនប្រជាជនសរុបនៅក្នុងរដ្ឋទាំងនោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣១២លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧៤.៦៧លាននាក់ (៥៣.២%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៤៥.៧៧លាននាក់ (៤៤.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕