(ហុងកុង)៖ ប៉ូលីសហុងកុងបានចាប់ខ្លួននាយកសារព័ត៌មាន Apple Daily ចំនួន ០៥នាក់ ក្នុងនោះរួមទាំងនិពន្ធនាយកផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP។

កងកម្លាំងប៉ូលិស នៃនាយកដ្ឋានសន្តិសុខជាតិហុងកុង បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយកក្រុមហ៊ុនសារព័ត៌មាន Apple Daily ចំនួន ០៥នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានគប់គិតគ្នាជាមួយកម្លាំងបរទេស ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ អ្នកទាំង ០៥នាក់ដែលត្រូវបានចាប់ខ្លួននោះរួមមាន បុរស ០៤នាក់ និងស្ត្រីម្នាក់ ដោយពួកគេមានអាយុចន្លោះពី ៤៧-៦៣ឆ្នាំ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុនសារព័ត៌មាន Apple Daily នាយករបស់ខ្លួនចំនួន ០៥នាក់ រួមមាននិពន្ធនាយក លោក រីយ៉ាន ឡរ (Ryan Law), នាយកប្រតិបត្តិ លោក ឆឹង គីមហឹង (Cheung Kim-hung), នាយកប្រតិបត្តិការ លោក ចូវ ថាតគួន (Chow Tat-kuen), និពន្ធនាយករង លោកស្រី ចាន់ ពុយម៉ាន (Chan Puiman) និងនិពន្ធនាយកប្រតិបត្តិ លោក ឆឹង ខៃវ៉ៃ (Cheung Chi-wai) ត្រូវបានចាប់ខ្លួនទាំងអស់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕