(ប៉េកាំង)៖ នៅទីបំផុតគ្រាប់រ៉ុក្កែត Long March-2F Y12 ដែលផ្ទុកយានអវកាស ហ្សិនចូវ ១២ (Shenzhou-12) និង អវកាសយានិកចំនួន ០៣រូប បានហោះឡើងទៅកាន់ទីអវកាស ប្រកបដោយជោគជ័យហើយ ដោយពួកគេនឹងត្រូវចូលរួមកសាង ស្ថានីយអវកាសដំបូងរបស់ចិន ដែលកំពុងលេចរូបរាងជាបណ្តើរៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន Global Times នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។

ការបាញ់បង្ហោះយានផ្ទុកអវកាសយានិកទាំង ០៣រូបខាងលើនេះ ត្រូវបានធ្វើឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ (Jiuquan) នៃតំបន់វាលខ្សាច់ ហ្គោពី (Gobi) ស្ថិតនៅក្នុងខេត្ត ហ្គាន់ស៊ូ (Gansu) ភាគពាយព្យប្រទេសចិន។ អវកាសយានិកទាំង ០៣រូប ដែលត្រូវជាក្រុមដំបូងគេ នៃបេសកកម្មនេះ នឹងត្រូវស្នាក់នៅក្នុងបន្ទប់ស្ថានីយអវកាសចិន ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ សម្រាប់រយៈពេល ០៣ខែ។

អវកាសយានិកចិនទាំង ០៣រូប គឺសុទ្ធសឹងតែជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវិស្វកម្មជើងចាស់របស់ចិន ដែលធ្លាប់មានបទពិសោធន៍ ក្នុងការស្រាវជ្រាវទីអវកាសជាច្រើនឆ្នាំមកហើយ ក្នុងនោះមានដូចជាលោក នី ហៃហ្សេង (Nie Haisheng), លោក លីវ ប៉ូមីង (Liu Boming) និងលោក ថាង ហុងប៉ូ (Tang Hongbo)។

គួរបញ្ជាក់ថា យានអវកាស Shenzhou-12 ត្រូវបានផ្តាច់ខ្លួនពីគ្រាប់រ៉ុក្កែត Long March-2F Y12 នៅក្រោយរយៈពេល ៥៧៣វិនាទីនៃការបាញ់បង្ហោះ ចេញពីផ្ទៃផែនដី។ យាន Shenzhou-12 និងអវកាសយានិក ០៣រូបនេះ គឺស្ថិតក្នុងបេសកកម្មបាញ់បង្ហោះលើកទី ០៣ ក្នុងចំណោមបេសកកម្មសរុបចំនួន ១១ ដែលចិនត្រូវបំពេញ ដើម្បីកសាងស្ថានីយអវកាសថ្មីឲ្យរួចរាល់ នៅអំឡុងចុងឆ្នាំ២០២២។ បេសកកម្មបាញ់បង្ហោះទី ១ គឺជាបន្ទប់ស្នូល ធានហឺ (Tianhe) ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា និងទី ២ គឺបន្ទប់ស្តុកទំនិញ ធានចូវ ២ (Tianzhoi-2) កាលពីថ្ងៃទី២៩ ខែឧសភា៕