(បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ នៅថ្ងៃអាទិត្យនេះ បានចេញមុខបដិសេធថា ប្រទេសថៃមិនបានរារាំងការនាំចេញ វ៉ាក់សាំងបង្ការជំងឺ COVID-19 «AstraZeneca» នោះឡើយ បន្ទាប់ពីតៃវ៉ាន់បានអះអាងថា ថៃកំពុងបង្ខាំងទុកវ៉ាក់សាំងនេះ ដែលខ្លួនឯងកំពុងតែផលិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយថា តៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំង ១០លានដូស ពីក្រុមហ៊ុន AstraZeneca ហើយពួកវាភាគច្រើនត្រូវផលិតនៅក្នុងប្រទេសថៃ ប៉ុន្តែថៃបែរជាផ្តោតអាទិភាពយកវ៉ាក់សាំងទាំងនោះ ប្រើប្រាស់សម្រាប់តែនៅក្នុងប្រទេសខ្លួនឯងទៅវិញ។

ឆ្លើយតបចំពោះការចោទប្រកាន់ខាងលើ អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលថៃ បានចេញមុខនិយាយដូច្នេះថា «ថៃពុំបានរាំងខ្ទប់ការនាំចេញ វ៉ាក់សាំង AstraZeneca ទេ។ វាគឺជាបញ្ហារបស់អ្នកផលិត ដែលត្រូវចាត់ចែង»។ អ្នកនាំពាក្យរូបនោះ មិនបានបញ្ជាក់ឲ្យច្បាស់ឡើយថា ខ្លួនចង់សំដៅលើក្រុមហ៊ុន AstraZeneca ឬមួយក៏ក្រុមហ៊ុនថៃ ស៉្យាម បាយអូសាយអិន (Siam Bioscience) ដែលជាអ្នកទទួលបន្ទុកផលិត នៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា ថៃនិងតៃវ៉ាន់សុទ្ធតែបាននិងកំពុងទទួលរង ការស្ទុះឡើងខ្លាំងនៃករណីឆ្លងជំងឺ COVID-19 ដូចគ្នា។ ពាក់ព័ន្ធនឹងវ៉ាក់សាំង AstraZeneca ដែលកំពុងផលិតនៅក្នុងប្រទេសថៃ កន្លងមកនេះ ហ្វីលីពីននិងម៉ាឡេស៉ី ក៏ធ្លាប់បានឲ្យដឹងថា ពួកគេរំពឹងនឹងជួបបញ្ហា ពន្យារពេលនៃការទទួលបានវ៉ាក់សាំង។

ផែនការចែកចាយវ៉ាក់សាំង នៅក្នុងតំបន់អាស៉ីអាគ្នេយ៍របស់ក្រុមហ៊ុន AstraZeneca គឺពឹងផ្អែកទៅលើវ៉ាក់សាំងប្រមាណ២០០លានដូស ផលិតដោយក្រុមហ៊ុន ស៉្យាម បាយអូសាយអិន ដែលជាកម្មសិទ្ធិរបស់ស្តេចថៃ និងពុំធ្លាប់មានបទពិសោធន៍ផលិតវ៉ាក់សាំង ពីមុនមកឡើយ៕