(ប៉េកាំង)៖ នៅថ្ងៃអាទិត្យនេះ ប្រទេសចិនបាននិយាយសំដៅទៅកាន់ បណ្តាមេដឹកនាំក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ថា សម័យកាលដែលប្រទេសមួយចំនួនតូច ជាអ្នកសម្រេចជោគវាសនារបស់ពិភពលោកនោះ គឺបានកន្លងហួសទៅយូរហើយ។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។

អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ បាននិយាយដូច្នេះថា «សម័យដែលការសម្រេចចិត្តរបស់ពិភពលោក ត្រូវបានដឹកមុខដោយប្រទេសមួយក្រុមតូចនោះ គឺកន្លងផុតទៅជាយូរណាស់មកហើយ។ សម្រាប់សម័យឥឡូវ យើងជឿថាប្រទេសនានា មិនថាធំឬតូច ខ្លាំងឬខ្សោយ មានឬក្រ សុទ្ធតែមានឋានៈស្មើៗគ្នា ដូច្នេះហើយកិច្ចពិភពលោក គួរតែត្រូវចាត់ចែងដោះស្រាយ តាមរយៈការប្រឹក្សាយោបល់រវាងគ្រប់ប្រទេសទាំងអស់»

ការងើបឡើងរបស់ចិន ក្នុងនាមជាអំណាចពិភពលោកដ៏លេចធ្លោមួយ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ភូមិសាស្រ្តនយោបាយ ដ៏សំខាន់បំផុតមួយ ក្នុងសម័យកាលចុងក្រោយនេះ រួមជាមួយការដួលរលំនៃសហភាពសូវៀត កាលពីឆ្នាំ១៩៩១ ដែលបិទបញ្ចប់សង្រ្គាមត្រជាក់។ ក្រុមប្រទេស G7 ដែលសុទ្ធតែជាប្រទេសប្រជាធិបតេយ្យ បានព្យាយាមស្វែងរកមធ្យោបាយឆ្លើយតបរួមគ្នាមួយ ចំពោះការកើនឡើងនៃឥទ្ធិពលរបស់ចិន ជាពិសេសខាងផ្នែកសេដ្ឋកិច្ចនិងយោធា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ។

គួរបញ្ជាក់ថា ការព្រមានរបស់ទីក្រុងប៉េកាំងនៅថ្ងៃអាទិត្យនេះ កើតមានឡើង ស្របពេលដែលមេដឹកនាំ G7 បាននិងកំពុងចូលរួមកិច្ចប្រជុំកំពូល នៅចក្រភពអង់គ្លេស៕