(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Washington Post នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានរាយការណ៍ថារុស្ស៊ីគ្រោងនឹងប្រគល់ប្រព័ន្ធផ្កាយរណបដ៏ទំនើបមួយឱ្យ អ៉ីរ៉ង់ ដើម្បីជួយទីក្រុងតេហរ៉ង់អភិវឌ្ឍសមត្ថភាពស៊ើបការណ៍សម្ងាត់។

កាសែតអាមេរិក Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក និងក្រុមមន្ត្រីនៃប្រទេស
មួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្រុមមន្ត្រីទាំងនេះបានអះអាងថាទីក្រុងម៉ូស្គូនឹងផ្ដល់ផ្កាយរណប Kanopus-V ដែលមាន សមត្ថភាពខ្ពស់ក្នុងការផ្ដិតយករូបភាពឱ្យអ៉ីរ៉ង់ ហើយតាមរយៈផ្កាយរណបនេះអ៉ីរ៉ង់អាចតាមដានសកម្មភាពគូស្រូវរបស់ខ្លួននៅក្នុងតំបន់ ទោះជាមិនទាន់មាន សមត្ថភាពប្រជែងនឹងផ្កាយរណបអាមេរិកក៏ដោយ។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីខាងលើដដែល ផ្កាយរណបដែលនឹងប្រគល់ឱ្យអ៉ីរ៉ង់អាចនឹងត្រូវបានបាញ់បង្ហោះនៅរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ នៅក្នុង ប្រទេសរុស្ស៊ី។ ខាងទីក្រុងម៉ូស្គូ និងអ៉ីរ៉ង់មិនទាន់បញ្ចេញប្រតិកម្មឆ្លើយតបទៅនឹងការចុះផ្សាយរបស់កាសែតអាមេរិក Washington Post នៅឡើយទេ ប៉ុន្តែ ព័ត៌មាននេះកើតមានឡើង មុននឹងលោក ចូ បៃដិនត្រូវជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី១៦ ខែមិថុនា នេះ៕