(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះរដ្ឋបាលអវកាសចិន CNSA ទើបតែបញ្ចេញរូបភាពថ្មីៗ នៃទេសភាពនៅលើផ្ទៃភពអង្គារ (Mars) ដែលថតបានដោយយានរ៉ូបូតចល័ត ជូរ៉ង (Zhurong)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។

រូបភាពថ្មីៗខាងលើត្រូវបានបង្ហាញជាសាធារណៈ ក្នុងកម្មវិធីមួយរៀបចំឡើងនៅរដ្ឋធានីប៉េកាំង។ ក្នុងរូបភាពទាំងនោះ គេមើលឃើញនូវទេសភាពនៃផ្ទៃដីពណ៌ក្រហមរបស់ភពអង្គារ ព្រមទាំងយាន Zhurong ហើយនិងជើងទម្រចុះចតរបស់វា។ យាន Zhurong បានចុះទៅដល់លើផ្ទៃភពអង្គារ កាលពីខែឧសភាកន្លងទៅ នាំឲ្យចិនក្លាយជាប្រទេសទីពីរនៅលើផែនដី ដែលបានសម្រេចជោគជ័យបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា យាន Zhurong ជាផ្នែកសំខាន់ជាងគេនៃបេសកកម្ម Tiawen-1 ដែលជាបេសកកម្មភពអង្គារលើកដំបូងបង្អស់ប្រទេសចិន។ ក្រៅពីយានចល័តលើដី បេសកកម្ម Tiawen-1 ក៏មានផ្កាយរណប ដែលកំពុងគោចរជុំវិញភពអង្គារ និងសម្រាប់ផ្ទេរទិន្នន័យ ក៏ដូចជាការទំនាក់ទំនងរវាងយាន Zhurong និងក្រុមការងារចិននៅលើផែនដីផងដែរ៕