(បាងកក)៖ ក្រសួងសុខាភិបាលថៃបានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនកំពុងរង់ចាំការបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac ដោយភាគីចិន និងអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការចាក់លើកុមារមានអាយុចាប់ ៣ឆ្នាំ ឡើងទៅជាមុនសិន មុននឹងអនុញ្ញាតឱ្យប្រើប្រាស់លើកុមារ នៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។

បើតាមលេខាធិការអចិន្រ្តៃយ៍ នៃក្រសួងសុខាភិបាលថៃ លោក គាតធិភូម វង្សរ៉ាឈីត (Kiattiphum Wongrachit) ការសិក្សាមួយនៅក្នុងប្រទេសចិន កំពុងធ្វើឡើងនៅឡើយ ដើម្បីស្វែងរកប្រសិទ្ធភាព, សុវត្ថិភាព និងកម្រិតដូសដែលត្រូវប្រើប្រាស់ ព្រមទាំងកំណត់រយៈពេលនៃការចាក់វ៉ាក់សាំង លើកុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។

បន្ថែមពីលើនេះ លោក Wongrachit ក៏បានកត់សម្គាល់ផងដែរពីយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្នដោយនិយាយថា ៣០ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំង មានអាការៈគ្រុនក្ដៅតិចតួច និងរងផលប៉ះពាល់តិចតួចបំផុតពីវ៉ាក់សាំង ហើយផលប៉ះពាល់ទាំងនេះ នឹងបាត់ទៅវិញក្រោយរយៈពេលពី ២៤ ទៅ ៤៨ម៉ោង។

គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac ចំនួន ១លានដូសបន្ថែមទៀតបានទៅដល់ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលនេះធ្វើឱ្យចំនួនវ៉ាក់សាំង Sinovac ដែលថៃទិញពីចិនកើនដល់ ៧.៥លានដូស។ បន្ថែមពីនេះវ៉ាក់សាំង Sinopharm របស់ចិនដូចគ្នា ក៏នឹងមកដល់ប្រទេសថៃក្នុងពេលឆាប់ៗផងដែរ។ វ៉ាក់សាំងចិនទាំងពីរនេះ សុទ្ធតែត្រូវបាន WHO ប្រកាសទទួលស្គាល់ជាផ្លូវការអំពីប្រសិទ្ធភាព និងសុវត្ថិភាព៕