(ម៉ុងតេវីដេអូ)៖ លទ្ធផលសិក្សាថ្មីមួយទៀត របស់ក្រសួងសុខាភិបាលប្រទេសអ៊ុយរ៉ាហ្គាយ បានបង្ហាញថា អត្រាមរណៈបង្កឡើងដោយ COVID-19 ក្នុងចំណោមប្រជាជនអ៊ុយរ៉ាហ្គាយ អាយុចាប់ពី ១៨-៦៩ឆ្នាំ ដែលទទួលបានការការពារពីវ៉ាក់សាំង Sinovac ត្រូវបានកាត់បន្ថយដល់ទៅជាង ៩៥ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

រយៈពេល២សប្តាហ៍ក្រោយ ក្រោយចាក់ដូសទីពីរនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac អត្រាមរណៈ ក្នុងចំណោមប្រជាពលរដ្ឋអ៊ុយរ៉ាហ្គាយអាយុចាប់ពី ១៨-៤៩ឆ្នាំ ត្រូវបានកាត់បន្ថយ ៩៥.៣ភាគរយ និងក្នុងចំណោមអាយុចាប់ពី ៥០-៦៩ឆ្នាំ ត្រូវបានកាត់បន្ថយ ៩៥.២ភាគរយ។

ជាមួយគ្នានេះ វ៉ាក់សាំង Sinovac បានកាត់បន្ថយលទ្ធភាពនៃការធ្លាក់ខ្លួនឈឺធ្ងន់ ៩៤.៤ភាគរយ ក្នុងចំណោមអ្នកមានអាយុក្រោម ៤៩ឆ្នាំ និង ៩២.២ភាគរយ ក្នុងចំណោមអ្នកមានអាយុ ៥០-៦៩ឆ្នាំ។ ក្រៅពីនេះសម្រាប់រយៈពេល ១៤ថ្ងៃ ក្រោយការចាក់វ៉ាក់សាំង Sinovac ដូសទីពីរ លទ្ធភាពនៃការឆ្លង COVID-19 ក្នុងចំណោមមនុស្សអាយុចាប់ពី ១៨-៤៩ឆ្នាំ ត្រូវបានកាត់បន្ថយរហូតដល់ ៦៤.៥ភាគរយ និង ៦១.៥ភាគរយ ក្នុងចំណោមមនុស្សអាយុចាប់ពី ៥០-៦៩ឆ្នាំ ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ៣០ភាគរយ នៃប្រជាជនសរុបរបស់អ៊ុយរ៉ាហ្គាយប្រមាណ ៣.៤៦លាននាក់ ទទួលបានការចាក់គ្រប់ពីរដូស ហើយ ៥៦ភាគរយ ទទួលបានមួយដូសដំបូងនៃវ៉ាក់សាំង Sinovac, Pfizer និង AstraZeneca។ អ៊ុយរ៉ាហ្គាយបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣២២,៩៧៨នាក់ ក្នុងនោះស្លាប់ ៤,៧៤៩នាក់៕