(វ៉ាស៉ីនតោន)៖ មេដឹកនាំបក្សប្រឆាំងរបស់ប្រទេសបេឡារុស នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រាប់សមាជិកសភាអាមេរិកថាការបង្ក្រាបរបស់ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សានដឺ លូកាសហ្សិនកូ (Alexander Lukashenko) ទៅលើចលនាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកំពុងធ្វើឱ្យ ប្រទេសមួយនេះប្រែក្លាយទៅជា «ប្រទេសកូរ៉េខាងជើងនៅទ្វីបអឺរ៉ុប» ជាបណ្ដើរៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

លោកស្រី វីយ៉ាតឡាណា ស៊ីគហានូសកាយ៉ា (Sviatlana Tsikhanouskaya) ជាមេដឹកនាំបក្សប្រឆាំងរបស់ប្រទេសបេឡារុស បានជំរុញឱ្យសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើងៗទៅលើរដ្ឋាភិបាលោក Lukashenko ដោយផ្តោតសំខាន់ទៅលើប្រភពចំណូលរបស់លោក Lukashenko រួមទាំង «សម្ព័ន្ធមិត្តដែលផ្តល់ហិរញ្ញប្បទានដល់របបនេះ» និងសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋនេះផងដែរ។

លោកស្រី Tsikhanouskaya បានគូសបញ្ជាក់ប្រាប់តាមរយៈទូរស័ព្ទពីទីក្រុងប្រាក (Prague) នៃសាធារណរដ្ឋឆែកដល់គណៈកម្មាធិការទំនាក់ទំនងបរទេស ព្រឹទ្ធសភាថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគួរតែអនុវត្ត «ការឆ្លើយតបដ៏ទូលំទូលាយ និងមិនផ្លាស់ប្តូរ» ដើម្បីបង្ខំឱ្យលោក Alexander Lukashenko ធ្វើការបោះឆ្នោតសារជាថ្មី និងបញ្ចប់នូវអ្វីដែលលោកស្រីហៅថាការរំលោភបំពានលើសិទ្ធិមនុស្ស។

លោកស្រី Tsikhanouskaya បានគូសបញ្ជាក់ប្រាប់ដូច្នេះថា «បើមិនដូច្នោះទេ យើងទាំងអស់គ្នានឹងប្រឈមមុខនឹងស្ថានភាពបែបនេះនៅពេលអនាគត ខណៈលោក Alexander Lukashenko កំពុងធ្វើឱ្យប្រទេសរបស់ខ្ញុំប្រែក្លាយទៅជាប្រទេសកូរ៉េខាងជើងនៅទ្វីបអឺរ៉ុប ដែលមិនមានតម្លាភាព មិនអាចទាយទុកជាមុន និងមានគ្រោះថ្នាក់បំផុត»

គួរបញ្ជាក់ថា លោក Alexander Lukashenko បានបង្កើនការបង្ក្រាបរបស់លោកទៅលើចលនាបាតុកម្មគាំទ្រលិទ្ធិប្រជាធិបតេយ្យដែលកំពុងបន្ត និងប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ។ កាលពីខែមុន គាត់បានធ្វើឱ្យមានការខឹងសម្បារជាអន្តរជាតិ ពាក់ព័ន្ធនឹងការបង្ខំឱ្យយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ចុះចត នៅអាកាសយានដ្ឋាននៃទីក្រុង មីនក៍ (Minsk) ប្រទេសបេឡារុស ដើម្បីចាប់ខ្លួនសកម្មជនប្រព័ន្ធផ្សព្វផ្សាយសង្គមបេឡារុសម្នាក់ ដែលជិះលើយន្តហោះនោះ៕