(ណៃពិដោ)៖ របបយោធាមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចោទប្រកាន់ជាផ្លូវការហើយ ទៅលើលោកស្រី អោង សាន ស៊ូ ជី និងមន្ត្រីជាន់ខ្ពស់ដទៃទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ពីបទពុករលួយ។ នេះបើតាមប្រភពពីក្រសួងព័ត៌មានមីយ៉ាន់ម៉ា ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងព័ត៌មានមីយ៉ាន់ម៉ាបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «គណៈកម្មការប្រយុទ្ធប្រឆាំងអំពើពុករលួយ បានធ្វើអធិការកិច្ចលើសំណុំរឿងពុករលួយ របស់អតីតទីប្រឹក្សារដ្ឋលោកស្រី អោង សាន ស៊ូជី... ហើយលោកស្រីត្រូវបានគេរកឃើញថា ពិតជាបានប្រព្រឹត្តអំពើពុករលួយប្រាកដមែន តាមរយៈការប្រើប្រាស់តំណែង និងតួនាទីរបស់លោកស្រី»។

គួរបញ្ជាក់ថា លោកស្រី អោង សាន ស៊ូ ជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយកាលពីពេលថ្មីៗនេះ យោធាមីយ៉ាន់ម៉ាបានបញ្ជូនលោកស្រី និងអតីតប្រធានាធិបតី លោក វីន ម្យីនត៍ (Win Myint) ទៅកាន់កន្លែងឃុំខ្លួនសម្ងាត់មួយ ក្នុងរដ្ឋធានីណៃពិដោ។ បើតាមច្បាប់មីយ៉ាន់ម៉ាបច្ចុប្បន្ន អ្នកនយោបាយដែលត្រូវផ្ដន្ទាទោស ឬចោទប្រកាន់ជាផ្លូវការពីបទពុករលួយ អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំ៕