(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤,២០១នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៥២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,២៦៤,៧២៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៣,៤៩៤នាក់ និងជាសះស្បើយឡើងសរុប ២៨,២៥៤,០៩១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

បើតាមប្រភពព័ត៌មានដែល Reuters ទទួលបាននៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការបរិច្ចាគវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ៥០០លានដូស ដល់បណ្ដាប្រទេសជិត ១០០ នៅជុំវិញពិភពលោកក្នុងរយៈពេល ០២ឆ្នាំ។ សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង ២០០លានដូសក្នុងឆ្នាំ២០២១នេះ ខណៈ ៣០០លានដូសផ្សេងទៀតនៅត្រឹមឆមាសទី ១ ក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣០៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧១.៧៣លាននាក់ (៥២.៣%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៤០.៤៤លាននាក់ (៤២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕