(វ៉ាស៉ីនតោន)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រូវបានគេរំពឹងថានឹងឯកភាពធ្វើការរួមគ្នាដើម្បីបើកការធ្វើដំណើរឡើងវិញ រវាងប្រទេសទាំងពីរ «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ទៀតថា លោក ចូ បៃដិន ដែលបានមកដល់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធសប្ដាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ច ក្រៅប្រទេសជាលើកដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតីអាមេរិក នឹងជួបជាមួយលោក បូរីស ចនសុន នៅតំបន់ ខនវ៉ល (Cornwall) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពោលគឺមុនកិច្ចប្រជុំមេដឹកនាំនៃក្រុមបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្ដាហ៍នេះ។

បើតាមសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋបាលរបស់លោក ចូ បៃដិន កំពុងបង្កើតក្រុមការងារជំនាញជាមួយចក្រភពអង់គ្លេស កាណាដា មិចស៉ីកូ និងសហភាពអ៊ឺរ៉ុបដើម្បីកំណត់វិធីដ៏ល្អបំផុត ក្នុងការចាប់ផ្តើមការធ្វើដំណើរឡើងវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីការរឹតត្បិតទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 អស់រយៈពេល ១៥ខែមកនេះ។

គួរបញ្ជាក់ថា មុនពេលមានជំងឺរាតត្បាត COVID-19 ប្រជាជនអង់គ្លេសជាង ៥លាននាក់បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងប្រជាជនអាមេរិកជាង ៤.៥លាននាក់បានធ្វើដំណើរមកកាន់ចក្រភពអង់គ្លេសជារៀងរាល់ឆ្នាំ ពោលគឺច្រើនជាងប្រទេសដទៃទៀត។ ជុំវិញបញ្ហានេះ ក្រុមការងារជំនាញថ្មីនឹងផ្តល់អនុសាសន៍ ស្តីពីការបើកការធ្វើដំណើរឡើងវិញប្រកបដោយសុវត្ថិភាព ដោយធានាថាចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកនឹងធ្វើការយ៉ាងជិតស្និទ្ធលើ គោលនយោបាយទេសចរណ៍អន្តរជាតិដែលកំពុងឆ្ពោះទៅមុខ៕