(វ៉ាស៊ីនតោន)៖ សេតវិមានបានរាយការណ៍ឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃពុធនេះ សម្រេចដកហូតបទបញ្ជាប្រតិបត្តិ របស់អតីតប្រធានាធិបតីលោក Donald Trump ជាប់ទាក់ទងនឹងការព្យាយាមហាមឃាត់ការទាញយកកម្មវិធី TikTok និង WeChat និងបានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មពិនិត្យមើលឡើងវិញនូវបញ្ហាសន្តិសុខដែលបង្កឡើងដោយកម្មវិធីទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានប៉ុនប៉ងរារាំងអ្នកប្រើប្រាស់ថ្មី ពីការទាញយកកម្មវិធី (apps) និងហាមឃាត់មិនឲ្យមានប្រតិបត្តិការបច្ចេកទេសនានារបស់ក្រុមហ៊ុន TikTok និង WeChat នៅលើទឹកដីអាមេរិក។ ប៉ុន្តែតុលាការអាមេរិក បានរារាំងបទបញ្ជាទាំងនោះ ដោយមិនបានចូលជាធរមានឡើយ។

បទបញ្ជាប្រតិបត្តិថ្មីរបស់លោក Biden បានលុបចោលការបញ្ជាទិញកម្មវិធី WeChat និង TikTok ជាមួយនឹងកម្មវិធីមួយទៀតកាលពីខែមករា ដែលបានដាក់គោលដៅលើកម្មវិធីទំនាក់ទំនងបច្ចេកវិទ្យា និងហិរញ្ញវត្ថុចំនួន០៨ផ្សេងទៀត។

ទោះជាយ៉ាងណា មន្ត្រីសេតវិមានមួយរូបបាននិយាយថា ការត្រួតពិនិត្យសន្តិសុខជាតិដាច់ដោយឡែករបស់អាមេរិក លើកម្មវិធី TikTok របស់ចិននៅតែបន្ត៕